មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក(NHC) និយាយថា ព្យុះសង្ឃរា Erick បានក្លាយជាព្យុះគ្រោះថ្នាក់ខ្លាំងកម្រិតទី ៤ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលវាវាយប្រហារតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក ។
នៅក្នុងខិតប័ណ្ណចុងក្រោយរបស់ខ្លួន មន្ទីរ NHC និយាយថា ព្យុះ Erick អាចនឹងបង្កើនកម្លាំងរបស់វាខ្លាំងជាងនេះបន្ថែមទៀត មុនពេលបោកបក់ដល់ដីគោកនៅតំបន់ភាគខាងកើតរដ្ឋ Guerrero និងតំបន់ភាគខាងលិចរដ្ឋ Oaxaca ។
ក្រុមឧតុនិយម បានព្យាករថា ព្យុះសង្ឃរានេះ ដែលកំពុងធ្វើដំណើរទៅទិសពាយព្យក្នុងល្បឿន ១៥គ.មក្នុង ១ម៉ោង នឹងនាំមកជាមួយខ្យល់បក់ដ៏គ្រោះថ្នាក់ ទឹកជំនន់ដ៏គំហុក និងការកញ្រ្ជោលឡើងព្យុះដ៏គ្រោះថ្នាក់ ។
ពេលវាធ្វើដំណើរខិតមកជិតម៉ិកស៊ិក មន្ទីរ NHC រាយការណ៍ថា កម្លាំងអតិបរមារបស់ព្យុះបោកបក់កើនឡើងដល់ ២៣០គ.មក្នុង ១ម៉ោង ដែលជាកម្លាំងរបស់ព្យុះសង្ឃរាកម្រិតទី ៤ ។
មន្ទីរ NHC បានព្រមានថា ទឹកភ្លៀងកម្ពស់ ៤១សង់ទីម៉ែត្រ ត្រូវបានគេរំពឹងថានឹងកើតមាននៅតាមរដ្ឋ Oaxaca និងរដ្ឋ Guerrero ៕