លោកឧត្តមសេនីយ៍ទោ Effie Defrin គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យោធាបានវាយប្រហារទីតាំងនុយក្លេអ៊ែរនៅទីក្រុង Bushehr, Isfahan ទីក្រុង Natanz របស់អ៊ីរ៉ង់ ហើយនិងបន្តមានគោលដៅលើទីតាំងបន្ថែមទៀត ។
រោងចក្រនៅទីក្រុង Bushehr គឺជារោងចក្រថាមពលនុយក្លេអ៊ែរប្រតិបត្តិការតែមួយគត់របស់អ៊ីរ៉ង់ ដែលស្ថិតនៅតាមតំបន់ឆ្នរឈូងសមុទ្រ ។
លោក Defrin និយាយប្រាប់សន្និសីទសារព័ត៌មានតាមអនឡាញថា យន្តហោះរបស់កងទ័ពអាកាស បានដាក់គោលដៅលើទីតាំងនុយក្លេអ៊ែរ Khondab ស្ថិតនៅជិតទីក្រុងភាគកណ្តាល Arak របស់អ៊ីរ៉ង់ ។
ទីតាំងនោះរួមមានម៉ាស៊ីនរ៉េអាក់ទ័រទឹកធ្ងន់សាងសង់រួចដោយអន្លើរ ។ ម៉ាស៊ីនរ៉េអាក់ទ័រទឹកធ្ងន់ ផលិតសារធាតុភ្លុយតានីត្យូម ដែលដូចគ្នានឹងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដែរ អាចប្រើប្រាស់ដើម្បីផលិតស្នូលគ្រាប់បែកអាតូមិក ។
ទីភ្នាក់ងារ IAEA ដែលជាក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់ UN និយាយថា ពួកគេទទួលបានព័ត៌មានថា ម៉ាស៊ីនរ៉េអាក់ទ័រស្រាវជ្រាវទឹកធ្ងន់ដែលស្ថិតក្រោមការសាងសង់នៅទីនោះ បានរងការវាយប្រហារ ប៉ុន្តែវាពុំមានសារធាតុវិទ្យុសកម្មនោះទេ ៕