មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ដែលធ្វើទស្សនកិច្ចនៅរដ្ឋធានីរបស់ប្រទេសលីបង់ នាថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) បានជំរុញឲ្យក្រុមប្រដាប់អាវុធដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ គឺក្រុមហេសបូឡា កុំចូលទៅពាក់ព័ន្ធក្នុងសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយនិយាយថា ការធ្វើបែបនោះនឹងក្លាយជា «ការសម្រេចអាក្រក់ខ្លាំងណាស់»។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស៊ីរី លោក Thomas Barrack ដែលជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសទួរគីដែរនោះ បានជួបមន្ត្រីលីបង់ ក្នុងទីក្រុងបេរូត ខណៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែលបានវាយប្រហារគ្នាទៅវិញទៅមកខ្លាំងឡើងៗ នៅក្នុងសង្គ្រាមជាច្រើនថ្ងៃរបស់គូរិទាំង២ និងខណៈដែលសហរដ្ឋអាមេរិកបន្តដាក់សម្ពាធលើលីបង់រំសាយអាវុធក្រុមហេសបូឡា។
បន្ទាប់ពីបានជួបជាមួយប្រធានសភាលីបង់ លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ក្រុមហេសបូឡា លោក Barrack ត្រូវបានសួរថា តើអាចមានអ្វីកើតឡើង ប្រសិនបើក្រុមហេសបូឡាចូលរួមក្នុងជម្លោះក្នុងតំបន់នោះ។
លោក Barrack បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំអាចនិយាយតំណាងឲ្យលោកប្រធានាធិបតី (Donald) Trump ដែលលោកបានបង្ហាញយ៉ាងច្បាស់តាមរយៈបេសកជនពិសេស លោក (Steve) Witkoff នោះគឺថា វានឹងក្លាយជាការសម្រេចដ៏អាក្រក់បំផុត»។
ក្រុមហេសបូឡាបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ និងបានបង្ហាញនូវសាមគ្គីភាពទាំងស្រុងជាមួយនឹងថ្នាក់ដឹកនាំរបស់ទីក្រុងតេអេរ៉ង់។ ហើយនៅថ្ងៃព្រហស្បតិ៍ ក្រុមនេះបាននិយាយថា ការគំរាមកំហែងប្រឆាំងនឹងមេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ គឺលោក Ali Khamenei នឹងមានផលវិបាកធ្ងន់ធ្ងរ៕