ប្រេសិតកិច្ចការវិនិយោគរបស់រុស្ស៊ី លោក Kirill Dmitriev បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត អាចចាត់វិធានការរួមគ្នា ដើម្បីធ្វើឲ្យទីផ្សារប្រេងមានស្ថិរភាព ប្រសិនបើចាំបាច់។
តម្លៃប្រេងបានហក់ឡើង នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) នេះ បន្ទាប់ពីអ៊ីស្រាអែលបានប្រាប់ថា ខ្លួនបានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅទីក្រុង Natanz និង Arak ពេញមួយយប់ ហើយខណៈដែលវិនិយោគិនត្រូវរួបរឹតដោយការភ័យខ្លាច ដែលថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ា កាន់តែរីកធំឡើងៗ ដែលអាចរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅ។
លោក Dmitriev ប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ី បាននិយាយថា មានគំរូស្រដៀងគ្នាក្នុងឆ្នាំ២០២០ ដើម្បីឲ្យមានវិធានការរួមគ្នា។
នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg លោក Dmitriev បាននិយាយថា៖ «មានគំរូមួយនៅពេលដែលលោកប្រធានាធិបតី Vladimir Putin (រុស្ស៊ី) លោកប្រធានាធិបតី Donald Trump (សហរដ្ឋអាមេរិក) និង ព្រះអង្គម្ចាស់ Mohammed bin Salman (អារ៉ាប៊ីសាអ៊ូឌីត) បានធ្វើតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យទីផ្សារមានស្ថិរភាព។ វាអាចជាការឆាប់ពេក ក្នុងការនិយាយអំពីការមានវិធានការរួមជាក់ស្តែង ប៉ុន្តែផ្អែកលើគំរូកាលពីមុន វិធានការបែបនេះ គឺអាចទៅរួច»។
គួររំលឹកថា នៅនិទាឃរដូវឆ្នាំ២០២០ ខណៈដែលតម្លៃប្រេងបានធ្លាក់ចុះ ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ លោក Trump បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសផលិតប្រេងឆៅធំជាងគេ គឺរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ដើម្បីកាត់បន្ថយទិន្នផល និងធ្វើឲ្យទីផ្សារមានលំនឹង៕