ប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ភាគីទាំង២ បានបញ្ចប់ការដោះដូរថ្មីនូវទាហានដែលត្រូវបានចាប់ខ្លួន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានឈានដល់កាលពីដើមខែមិថុនា នៅឯកិច្ចចរចាសន្តិភាព នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ ដែលជាការចរចាដោយផ្ទាល់លើកដំបូង រវាងភាគីទាំង២ ក្នុងរយៈពេល ៣ឆ្នាំ ប្រទេសទាំង២ បានយល់ព្រមដោះលែងអ្នកទោសសង្គ្រាមជាង ១.០០០នាក់ ពីភាគីម្ខាងៗ ដែលទាំងអស់ជាអ្នកមានរបួស ជំងឺ ឬអាយុក្រោម ២៥ឆ្នាំ។
តែយ៉ាងណាក្ដី ភាគីទាំង២ មិនបានប្រាប់ថា តើចំនួនទាហានប៉ុន្មាននាក់ត្រូវបានដោះលែង នៅក្នុងការដោះដូរ នាថ្ងៃព្រហស្បតិ៍នេះនោះទេ ដែលជាការដោះដូរចុងក្រោយបង្អស់ គិតចាប់តាំងពីមានកិច្ចចរចា នាថ្ងៃទី២ ខែមិថុនា។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឲ្យដឹងនៅលើបណ្ដាញសង្គមថា៖ «ប្រជាជនរបស់យើងកំពុងវិលត្រលប់មកស្រុកកំណើតវិញ ក្រោយជាប់ឃុំឃាំង នៅរុស្ស៊ី»។
ទីភ្នាក់ងាររដ្ឋាភិបាលអ៊ុយក្រែនដែលទទួលបន្ទុកការដោះដូរនេះ បានឲ្យដឹងថា ដំណើរការនេះពាក់ព័ន្ធនឹងទាហាន «មានជំងឺ និងរងរបួសធ្ងន់»៕