ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយ សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឃាត់ខ្លួនជនបរទេសម្នាក់ និងដកហូតកញ្ឆាក្រៀមជិត ២០គីឡូក្រាម។
អនុវត្ដតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន
ប្រតិបត្តិការនេះ បានធ្វើឡើងនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) និងសម្របសម្រួល ពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន តាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
នៅក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសម្នាក់ ភេទប្រុស សញ្ជាតិអង់គ្លេស អាយុ៤១ឆ្នាំ ចាប់យកវត្ថុតាងកញ្ឆាក្រៀមចំនួន ២២ដុំ ស្មើទម្ងន់ ១៩គីឡូ ៩០២ក្រាម ។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកឧក្រិដ្ឋជនមានសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន មានការកើតឡើងគួរឱ្យគត់សម្គាល់ តាមការស៊ើបអង្កេតកញ្ឆាក្រៀមទាំងនេះ គឺមានប្រភពមកពីប្រទេសថៃ ។
មន្ទីរប្រឆាំងគ្រឿងញៀនសូមបញ្ជាក់ថា ការជួញដូរ ការដឹកជញ្ជូន ការរក្សាទុក និងដាំដុះកញ្ឆា នៅកម្ពុជាគឺជាអំពើខុសច្បាប់ ដែលមានចែងនៅក្នុងច្បាប់ស្ដីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕
អត្ថបទ៖ កុម្ភៈ


