ភ្នំពេញ៖ ការប្រឡងសញ្ញាបត្របាក់ឌុប បានចាប់ផ្ដើមដំណើរការ តាមកាលបរិច្ឆេទ ថ្ងៃទី ២៧-២៨ ធ្នូឆ្នាំ ២០២១នេះ។ បេក្ខជនពុំមានឆ្លងកូវីដ-១៩ តម្រូវឱ្យមកប្រឡងនៅមណ្ឌលប្រឡង ខណៈពេលដែលបេក្ខជន ដែលវិជ្ជមានកូវីដ-១៩ ក្រសួងអប់រំ ក៏សម្របសម្រួលឱ្យទទួលការប្រឡង ដោយមិនធ្លាក់ដោយស្វ័យប្រវត្តិនោះទេ។
ការប្រឡងសញ្ញាបត្របាក់ឌុប បានចាប់ផ្ដើមដំណើរការទូទាំងប្រទេសនាព្រឹកនេះ ដោយនៅតែរក្សាភាពតឹងរឹង និងប្រកាន់ខ្ជាប់វិធានការ ពាក់ម៉ាសជាចជាចាំបាច់។ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសក្សាទុតិយភូមិ(បាក់ឌុប)នេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ក្នុងឱកាសចុះត្រួតពិនិត្យ កាត់វិញ្ញាសារនៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ លើកឡើងថា ការប្រឡងនៅតែរក្សាស្តង់ដារវិញ្ញាសារដដែល ពុំមានការបន្ធូរបន្ថយ ដោយសារកូវីដ-១៩នោះទេ។
ឯកឧត្តម បន្តថា ករណីបេក្ខជនប្រឡងមានវិជ្ជមានកូវីដ-១៩ ក្រសួងក៏រៀបចំសម្របសម្រួល ឱ្យបេក្ខជននោះទទួលបានការប្រឡង ដោយមិនធ្លាក់ដោយស្វ័យប្រវត្តិនោះទេ។ ការប្រឡងសម្រាប់អ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារកុំឱ្យមានការឆ្លងរីករាលដាល និងមិនអនុញ្ញាតឱ្យប្រឡងនៅមណ្ឌលប្រឡងជាមួយសិស្សមានសុខភាពល្អនោះទេ។
ក្នុងការចុះត្រួតពិនិត្យ កាត់វិញ្ញាសារថ្ងៃចាប់ផ្ដើមដំបូងនេះ ឯកឧត្តម សាយ សំអាល់ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា និងមានតំណាងពីអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានវាយតម្លៃថា ការប្រឡងនេះរៀបចំបានល្អប្រសើរ ពុំទាន់មានភាពមិនប្រក្រតីណាមួយកើតឡើងនោះទេ។
ជុំវិញការប្រឡងនេះ អាណាព្យាបាលមួយរូបដែលបានជូនកូនមកប្រឡង ក៏លើកឡើងជាការគាំទ្រ ដែលក្រសួងអប់រំ អាចរៀបចំឱ្យមានការប្រឡងកើតឡើង។ គាត់បន្តថា ការប្រឡងនេះមានភាពចាំបាច់ណាស់ សម្រាប់សិស្សទាំងអស់ ហើយក៏ចាំបាច់ក្នុងការបង្កើតធនធានមនុស្ស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថាការប្រឡងបាក់ឌុប នឹងធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៧ -២៨ ខែធ្នូឆ្នាំ ២០២១។ ការប្រឡងឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១១៤ ១៨៣ នាក់នឹងមានមណ្ឌលប្រឡងចំនួន ២០៤មណ្ឌល និងមាន ៤៦១៦ បន្ទប់ទូទាំងប្រទេស។
បន្ទាប់ពីបញ្ចប់ដំណើរការសំណេរ ក្រសួងនឹងចាប់ផ្ដើមដំណើរការកំណែ ដំណើរការស្រង់ បូកពិន្ទុដោយកំព្យូទ័រ និងឈានដល់ការប្រកាសលទ្ធផល នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ពេលរសៀល សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ខេត្តដទៃទៀត នឹងប្រកាសលទ្ធផល ថ្ងៃទី ១៩ ខែមករា។ ពិន្ទុជាប់ដែលក្រសួងកំណត់សម្រាប់ការប្រឡង គឺ២៣៧ ពិន្ទុ នៃពិន្ទុសរុប ៥០០៕អត្ថបទ៖ គឹមហុក




