នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋអ៊ីរ៉ង់ បានធ្វើដំណើរទៅដល់ទួរគីតាមព្រំដែនគោក ពេលដែលសង្រ្គាមតាមអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កើនឡើងដោយគ្មានសញ្ញានៃការស្រាកស្រាន្តនោះ ។
ពលរដ្ឋអ៊ីរ៉ង់ជាច្រើន បានធ្វើដំណើរចូលទឹកដីទួរគី តាមច្រកព្រំដែន Kapikoស្ថិតនៅខេត្តភាគអាគ្នេយ៍ Van ។ ពួកគេមួយចំនួនធ្វើដំណើរជាមួយកូនៗ និងក្រុមគ្រួសាររបស់ពួកគេ ដោយអូសអ៊ីវ៉ាន់ ពេលដែលពួកគេឡើងជិះរថយន្តក្រុង ដើម្បីបន្តដំណើរទៅកាន់តំបន់ផ្សេងទៀត នៅក្នុងប្រទេសមួយនេះ ។
លោក Majid គឺជាបុរសជនជាតិអ៊ីរ៉ង់មកពីទីក្រុង Isfahan និយាយថា ស្ថានភាពនៅក្នុងប្រទេសរបស់លោកគួរឲ្យភ័យខ្លាចណាស់ ។
លោកបន្តថា លោកបានធ្វើដំណើរអស់រយៈពេល ២៨ម៉ោងមកហើយ ហើយប្រហែលត្រូវធ្វើដំណើររយៈពេល ២៤ម៉ោងទៀត ទម្រាំដល់ទីក្រុងអ៊ីស្តង់ប៊ុល ដោយសារស្ថានភាពសង្រ្គាម ។
ប្រភពពីក្រសួងការពារជាតិទួរគី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទួរគី បានបង្កើនសន្តិសុខនៅច្រកព្រំដែនរបស់ខ្លួនជាមួយអ៊ីរ៉ង់ ស្របពេលដែលជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់នៅតែបន្ត ហើយទីក្រុងអង់ការ៉ា មិនធ្លាប់ដែលមើលឃើញលំហូរជនអន្តោប្រវេសនខុសប្រក្រតីបែបហ្នឹងពីអ៊ីរ៉ង់នោះទេ ៕