សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៩ មិថុនាសប្ដាហ៍នេះថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងសម្រេចចិត្តក្នុងរយៈពេលពីរសប្តាហ៍ខាងមុខថាតើសហរដ្ឋអាមេរិកនឹងចូលរួមក្នុងជម្លោះដែលកំពុងកើនឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ដែរឬយ៉ាងណា ខណៈគូជម្លោះអ៊ីស្រាអែល- អ៊ីរ៉ង់បន្តវាយប្រហារដាក់គ្នាឥតឈប់ឈរពោពេញដោយការបំផ្លិចបំផ្លាញនិងការបាត់បង់ជីវិតមនុស្ស។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា លោក Trump នៅតែថ្លឹងថ្លែងជម្រើស ដោយលើកឡើងពីឱកាសដ៏ច្រើននៃការចរចាជាមួយអ៊ីរ៉ង់។

លោកស្រី Leavitt បានដកស្រង់សម្តីលោក Trump ថា ដោយផ្អែកលើការពិតដែលថាមានឱកាសច្រើននៃការចរចាដែលអាចឬមិនអាចកើតឡើងជាមួយអ៊ីរ៉ង់នាពេលអនាគតដ៏ខ្លីខាងមុខនេះ លោកនឹងធ្វើការសម្រេចចិត្តថាតើត្រូវទៅឬមិនទៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ។
លោកស្រី បាននិយាយថាលោក Trump បើកចំហចំពោះការទូត ប៉ុន្តែបានទទូចថា អ៊ីរ៉ង់មិនត្រូវអនុញ្ញាតឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ។
លោកស្រី Leavitt បាននិយាយថា ប្រធានាធិបតីតែងតែចាប់អារម្មណ៍លើដំណោះស្រាយការទូត ។លោកគឺជាអ្នកបង្កើតសន្តិភាព។ដូច្នេះប្រសិនបើមានឱកាសសម្រាប់ការទូត ប្រធានាធិបតីតែងតែចាប់យកឱកាសនោះភ្លាម ។ប៉ុន្តែរូបលោកក៏មិនខ្លាចក្នុងការប្រើកម្លាំងផងដែរ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា កិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងតេអេរ៉ង់ ចាំបាច់ត្រូវហាមប្រាមការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងលុបបំបាត់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។លោកស្រី បានបដិសេធមិននិយាយថាតើលោក Trump នឹងស្វែងរកការយល់ព្រមពីសភាសម្រាប់សកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ឬអត់៕


