ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ត្រៀមរៀបចំវេទិកាជំនួបធុរកិច្ចរួមគ្នាតាមប្រព័ន្ធអនឡាញ នៅខែកុម្ភៈ នៅដើមឆ្នាំ២០២២ ខាងមុខនេះ ក្នុងគោលបំណងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត សំដៅលើកកម្ពស់ផលប្រយោជន៍រួម និងការអភិវឌ្ឍដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យល្អប្រសើរ។
កាលសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វេទិកាជំនួបធុរកិច្ច នឹងផ្តោតលើការផ្គូផ្គងធុរកិច្ច និងបង្ហាញអំពីកាលានុវត្តភាពក្នុងវិស័យសក្តានុពលមួយចំនួន រួមមាន៖ កសិកម្ម ការកែច្នៃម្ហូបអាហារ សុវត្ថិភាពចំណីអាហារ និងសេវាកម្មក្នុងវិស័យទេសចរណ៍។
ឯកឧត្តម បានបន្តថា ជំនួបធុរកិច្ចនេះ ក៏នឹងជួយជំរុញឲ្យធុរជន និងវិនិយោគិនហុងគ្រី មកពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀតផងដែរ។
ឯកឧត្តម បានឲ្យដឹងទៀតថា ចំពោះវេទិកាជំនួបធុរកិច្ច នឹងជួយជំរុញឲ្យធុរជន និងវិនិយោគិនហុងគ្រី មកពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ថែមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ គ្រាដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាប។
សូមជម្រាបជូនថា គិតចាប់ពីឆ្នាំ២០១៧ រហូតត្រឹមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ហុងគ្រី សម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនជាង ១៦លានដុល្លារ ខណៈពេញមួយឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-ហុងគ្រី សរុបមានជាង ៤លានដុល្លារ។
ដោយឡែក គិតត្រឹម ១១ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបានចំនួនជិត ៣លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាមានចំនួន ២លានដុល្លារ ចំណែកឯការនាំចូលពីហុងគ្រីមានចំនួនជាង ៨២ម៉ឺនដុល្លារអាម៉េរិក៕
អត្ថបទ៖ ឈិត បូរ៉ាវី
