នាយករដ្ឋមន្ត្រី លោក Mark Carney បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដា អាចបង្កើនការដំឡើងពន្ធតបតលើដែកថែប និងអាលុយមីញ៉ូមដែលផលិតដោយសហរដ្ឋអាមេរិក ប្រសិនបើខ្លួនបរាជ័យមិនបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយជាមួយលោកប្រធានាធិបតី Donald Trump ក្នុងរយៈពេល៣០ថ្ងៃ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Carney បាននិយាយថា ប្រទេសកាណាដា នឹងកែសម្រួលវិធានការប្រឆាំងដែលមានស្រាប់របស់ខ្លួននៅថ្ងៃទី២១ ខែកក្កដា អាស្រ័យលើវឌ្ឍនភាពដែលបានធ្វើឡើងនៅក្នុងការចរចាពាណិជ្ជកម្មដែលកំពុងបន្តជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Carney និយាយថា «ប្រទេសកាណាដា នឹងកែសម្រួលការដំឡើងពន្ធប្រឆាំងដែលមានស្រាប់របស់ខ្លួនលើផលិតផលដែកថែបនិងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី២១ ខែកក្កដា ដល់កម្រិតស្របតាមវឌ្ឍនភាពដែលបានបង្កើតឡើងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែទូលំទូលាយជាមួយសហរដ្ឋអាមេរិក»។
លោក Trump បានដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមដល់៥០ ភាគរយពី២៥ភាគរយកាលពីដើមខែនេះ ជាចំណាត់ការបង្កឱ្យមានប្រតិកម្មតបតពីមេដឹកនាំឧស្សាហកម្មប្រទេសកាណាដា និងទាមទារឱ្យមានការឆ្លើយតបខ្លាំងក្លា។ ប្រទេសកាណាដា គឺជាអ្នកនាំចេញធំបំផុតនៃលោហធាតុទាំងនេះ ទៅកាន់សហរដ្ឋអាមេរិក។