ប្រភពចំនួន៥ ដែលដឹងពីកិច្ចចរចាពាណិជ្ជកម្មបាននិយាយថា ក្រុមមន្ត្រីអឺរ៉ុប កំពុងជំរុញកាន់តែខ្លាំងឡើងឱ្យទីក្រុងវ៉ាស៊ីនតោន បន្ទាបអត្រា ១០% នៃពន្ធ "បដិការ" របស់ខ្លួន ដែលជាកម្រិតមូលដ្ឋាននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធទូលំទូលាយលើដៃគូពាណិជ្ជកម្មទូទាំងពិភពលោក ហើយចង់បន្ថយឱនភាពពាណិជ្ជកម្មទំនិញអាមេរិក ជាមួយប្លុកអឺរ៉ុប។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានច្រានចោលការបន្ទាបតួលេខក្រោម ១០% នៃអត្រាពន្ធមូលដ្ឋានបដិការ គ្របដណ្តប់លើទំនិញភាគច្រើនដែលអឺរ៉ុប នាំចេញទៅសហរដ្ឋអាមេរិក។
ប្រភពអឺរ៉ុប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានលើកឡើងថា ក្រុមចរចាសហភាពអឺរ៉ុប នៅតែជំរុញឱ្យមានអត្រាទាបជាង ១០% ពីភាគីអាមេរិក។ ប្រភពមួយដែលជាមន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ការចរចាបន្ទាបពន្ធកាន់តែពិបាកខ្លាំងឡើងចាប់តាំងពីអាមេរិក បានចាប់ផ្តើមទាញយកប្រាក់ចំណូលពីពន្ធសកលរបស់ខ្លួន។
គួរឱ្យដឹងថា លោក Trump បានវាយលុកអឺរ៉ុប ជាមួយពន្ធ ៥០% លើដែកថែប និងអាលុយមីញ៉ូម និងពន្ធ ២៥% លើរថយន្ត ហើយប្លុកអឺរ៉ុប កំពុងព្យាយាមធានាកិច្ចព្រមព្រៀងមួយមុនថ្ងៃកំណត់ទី០៩ កក្កដា នៅពេលពន្ធបដិការលើទំនិញផ្សេងទៀតភាគច្រើនអាចឡើងពី ១០% ទៅ ៥០% យ៉ាងគំហុក។
ក្រុមមន្ត្រីអាមេរិកបានសន្មត់យូរមកហើយថា នៅទីបំផុត ទីក្រុងវ៉ាស៊ីនតោននឹងបន្ទាបពន្ធដ៏ខ្ពស់របស់ខ្លួនជាមួយដៃគូពាណិជ្ជកម្ម ប៉ុន្តែមិនរំពឹងថា អត្រាថ្មីនោះនឹងផ្លាស់ទីឆ្ងាយពីតួលេខមូលដ្ឋាន ១០% ក្នុងកិច្ចពិភាក្សាជាមួយប្លុកអឺរ៉ុបនោះទេ។ អឺរ៉ុបបាននិយាយជាសាធារណៈថា ខ្លួននឹងមិនព្រមលើអត្រាមូលដ្ឋានពីរខ្ទង់ ដូចចក្រភពអង់គ្លេសឡើយ ដែលបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មមានកំណត់កាលពីខែឧសភា ប៉ុន្តែបន្សល់ទុកពន្ធ ១០% លើការនាំចេញរបស់ខ្លួន៕

