យោធារបស់ប្រទេសចិន នៅថ្ងៃសុក្រ (២០ មិថុនា) នេះ បានរិះគន់យ៉ាងខឹងសម្បារលើនាវាចម្បាំងអង់គ្លេស ដែលបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ថាជាការប៉ុនប៉ងដោយចេតនាដើម្បី "បង្កបញ្ហា"។

កងនាវាចររបស់ចក្រភពអង់គ្លេស បាននិយាយថា នាវាល្បាត HMS Spey របស់ខ្លួនបានធ្វើនាវាចរណ៍តាមទម្លាប់ ឆ្លងកាត់ផ្លូវទឹកដ៏តូចចង្អៀតនេះ ជាផ្នែកមួយនៃការដាក់ពង្រាយដែលគ្រោងទុកជាយូរមកហើយ ហើយប្រព្រឹត្តទៅដោយអនុលោមតាមច្បាប់អន្តរជាតិ។ ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ក៏បានចាត់ទុកច្រកសមុទ្រនេះជាដែនទឹករបស់ចិនដែរ ខណៈកោះតៃវ៉ាន់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាច្រើនអះអាងថា នោះជាផ្លូវទឹកអន្តរជាតិ។

ទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា ការបើកនាវាចម្បាំងអង់គ្លេសកាលពីថ្ងៃពុធសប្ដាហ៍នេះគឺជា "ការភ័ន្តជាសាធារណៈ" ហើយថាកងកម្លាំងរបស់ខ្លួនបានតាមដាន និងឃ្លាំមើលនាវា Spey នោះយ៉ាងដិតដល់បំផុត។ សេចក្តីថ្លែងការណ៍និយាយថា "ការលើកឡើងរបស់ភាគីអង់គ្លេស បានបង្ខូចគោលការណ៍ច្បាប់ និងបំភ័ន្តសាធារណជន ហើយសកម្មភាពរបស់ខ្លួនមានចេតនាបង្កបញ្ហា និងរំខានដល់អ្វីៗគ្រប់យ៉ាង ព្រមទាំងបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់"។

លើកចុងក្រោយដែលនាវាចម្បាំងអង់គ្លេស បើកឆ្លងកាត់ច្រកសមុទ្រនេះគឺនៅឆ្នាំ២០២១ នៅពេលដែលនាវា HMS Richmond ត្រូវបានបញ្ជូននៅសមុទ្រចិនខាងកើត ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ហើយពេលនោះ យោធាចិនតាមដានយ៉ាងជិតស្និទ្ធ ហើយបានព្រមានឱ្យចាកចេញ៕