សង្រ្គាមផ្លូវអាកាសរបស់អ៊ីស្រាអែល និងអ៊ីរ៉ង់ ឈានចូលដល់សប្តាហ៍ទីពីរហើយក្នុងថ្ងៃសុក្រ (២០ មិថុនា) នេះ ខណៈក្រុមមន្ត្រីអឺរ៉ុប បានព្យាយាមទាញទីក្រុងតេអេរ៉ង់ ឱ្យត្រឡប់ទៅតុចរចាវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការសម្រេចចិត្តណាមួយស្តីពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងជម្លោះនេះ នឹងធ្វើឡើងក្នុងពេលពីរសប្តាហ៍បន្ទាប់។

អ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ នៅថ្ងៃសុក្រសប្តាហ៍មុន ដោយនិយាយថា ខ្លួនមានបំណងរារាំងសត្រូវយូរអង្វែងរបស់ខ្លួនមួយនេះមិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់ សងសឹកវិញដោយការវាយប្រហារមីស៊ីល និងយានដ្រូនលើអ៊ីស្រាអែល ហើយទទូចថា កម្មវិធីនុយក្លេអ៊ែរខ្លួនគឺសន្តិភាព។

បន្ទាព់ពីសង្រ្គាមដ៏ខ្លាំងក្លាប៉ុន្មានថ្ងៃមកនេះ ទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្សនិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សម្លាប់មនុស្សជិត ៦៤០នាក់ នៅអ៊ីរ៉ង់ ហើយអ្នកដែលត្រូវសម្លាប់ទាំងនោះរួមមានអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងប្រមុខយោធាជាន់ខ្ពស់។ អ៊ីស្រាអែលវិញនិយាយថា ជនស៊ីវិលអ៊ីស្រាអែលរាប់សិបនាក់បានស្លាប់ក្នុងការវាយប្រហារសងសឹកដោយមីស៊ីលពីអ៊ីរ៉ង់។
ដោយពុំមានប្រទេសណាមួយដកថយ បណ្ដារដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ រួមជាមួយនឹងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប ត្រៀមជួបគ្នានៅទីក្រុងហ្សឺណែវ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដើម្បីព្យាយាមកាត់បន្ថយជម្លោះនៅថ្ងៃសុក្រនេះ។ លោក Trump តែងបង្ហើបពីការវាយលុកអ៊ីរ៉ង់ ហើយអាចប្រើគ្រាប់បែកទម្ងន់ជាង ១៣.៦០០គីឡូក្រាម ដែលអាចពុះជ្រែកដីទៅបំផ្លាញទីតាំងនុយក្លេអ៊ែរ ដែលសាងសង់នៅក្រោមដីយ៉ាងជ្រៅ៕
