អាជ្ញាធររបស់ប្រទេសចិន បានព្រមានពីទឹកជំនន់យ៉ាងគំហុក និងចរន្តទឹកហូរខ្លាំងដ៏គ្រោះថ្នាក់នៅតាមតំបន់ភ្នំនៅភាគខាងកើត ភាគកណ្តាល ភាគខាងត្បូង និងភាគនិរតីនៃប្រទេស បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីនោះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ដោយដកស្រង់ពីក្រសួងធនធានទឹក និងអ្នកព្យាករអាកាសធាតុជាតិរបស់រដ្ឋបាលឧតុនិយមចិនថា ការដាស់តឿនពណ៌ក្រហមជាលើកដំបូងសម្រាប់ឆ្នាំនេះ ត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលគ្របដណ្តប់តំបន់ក្នុងខេត្ត អានហួយ (Anhui), ហឺណាន (Henan), ហ៊ូប៉ី (Hubei), ហ៊ូណាន (Hunan), គួយចូវ (Guizhou) និងតំបន់ ក្វាងស៊ី (Guangxi)។
នៅភាគខាងត្បូងខេត្តហ៊ូណាន ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ដ៏ធំបំផុតចាប់តាំងពីឆ្នាំ១៩៩៨មក នៅតំបន់ខាងលើ និងខាងក្រោមទន្លេ លីស៊ួយ (Lishui) បន្ទាប់ពីកម្រិតទឹករបស់ទន្លេនេះហក់ឡើងលើសសញ្ញាសុវត្ថិភាពជាងពីរម៉ែត្រកាលថ្ងៃព្រហស្បតិ៍ (១៩ មិថុនា)។ នៅទីក្រុង Chongqing ភាគនិរតី ប្លុកលំនៅឋានផ្ទះល្វែងត្រូវជន់លិចក្នុងទឹក ហើយរថយន្តមួយចំនួនត្រូវទឹកហូរនាំយកទៅតាមដងផ្លូវ នេះបើយោងតាមវីដេអូ និងរូបភាពរបស់ទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសចិន កំពុងជួបប្រទះភ្លៀងធ្លាក់ខ្លាំង និងភ្លាមៗនៅក្នុងផ្នែកជាច្រើននៃប្រទេស ដែលក្រុមឧតុនិយមបានសន្មតថាមកពីបម្រែបម្រួលអាកាសធាតុ ដែលបណ្តាលឱ្យចំនួនប្រជាជនដ៏ច្រើនរបស់ខ្លួនងាយរងគ្រោះដោយសារគ្រោះមហន្តរាយដែលពាក់ព័ន្ធនឹងទឹកភ្លៀងបែបនេះ៕

