អាជ្ញាធរប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនាថា ផ្លូវរូងក្រោមដីលួចលាក់មួយតភ្ជាប់សហរដ្ឋអាមេរិកនិងម៉ិកស៊ិកនៅក្រោមដី ត្រូវបានរកឃើញក្នុងពេលមានសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនរវាងប្រទេសទាំងពីរ ដែលភាគច្រើនផ្តោតលើសារធាតុហ្វង់តានីល(fentanyl)។

រដ្ឋមន្ត្រីសន្តិសុខ និងការពារប្រជាជន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ផ្លូវរូងក្រោមដីនេះ មានជម្រៅ១៣,៥ម៉ែត្រ និងប្រវែងប្រហែល៦០០ម៉ែត្រ។ ការសាងសង់នេះ ភ្ជាប់ទៅទីក្រុង San Diego សហរដ្ឋអាមេរិក ពីទីក្រុងព្រំដែន Tijuana ប្រទេសម៉ិកស៊ិក។ សេចក្តីថ្លែងការណ៍និយាយបន្ថែមថា នៅខាងក្នុងទីតាំងនោះ មាន «កញ្ចប់មួយផ្ទុកសារធាតុមេតំហ្វេតាមីន និងរបស់របរផ្សេងៗទៀត»។

ជាច្រើនឆ្នាំមកនេះ ក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក បានប្រើប្រាស់សំណង់ស្រដៀងគ្នានេះ ដើម្បីធ្វើចរាចរណ៍គ្រឿងញៀន ជនអន្តោប្រវេសន៍ និងវត្ថុផ្សេងៗទៀត ហើយនេះត្រូវបានគេស្គាល់ថាជា «ផ្លូវរូងក្រោមដីគ្រឿងញៀន «narco-tunnels»។ វត្ថុជាច្រើននៅក្នុងផ្លូវរូងក្រោមដីនេះមានភាពទំនើប ដែលវាមានប្រព័ន្ធបិទបើកខ្យល់ ផ្លូវរុញរទេះ មានរទេះតូចៗ និងមានភ្លើងអគ្គិសនី។