ប្រទេសអេស្ប៉ាញបានច្រានចោលសំណើរបស់អង្គការណាតូក្នុងការចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុប GDP លើតម្រូវការការពារជាតិដែលនឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយដោយហៅថាជារឿង មិនសមហេតុផល ។

នាយករដ្ឋមន្ត្រីលោក Pedro Sanchez ក្នុងលិខិតមួយផ្ញើកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះទៅកាន់អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា ប្រទេសអេស្ប៉ាញ មិនអាចប្តេជ្ញាចិត្តចំពោះគោលដៅចំណាយជាក់លាក់មួយទាក់ទងនឹង GDP ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅសប្តាហ៍ក្រោយនៅទីក្រុងឡាអេ ប្រទេសហូឡង់ នោះបានទេ។
កិច្ចព្រមព្រៀងណាមួយដើម្បីអនុម័តគោលការណ៍ណែនាំចំណាយថ្មីត្រូវតែធ្វើឡើងដោយមានការឯកភាពពីរដ្ឋសមាជិកណាតូទាំង ៣២ប្រទេស ។
ដូច្នេះការសម្រេចចិត្តរបស់លោក Sánchez ប្រថុយប្រថាននឹងធ្វើឱ្យកិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយ ដែលប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងចូលរួម បង្កើតការរង្គោះរង្គើនៅនាទីចុងក្រោយ ហើយអាចមានផលប៉ះពាល់ជាបន្តបន្ទាប់។
សម្ព័ន្ធមិត្តអាមេរិកភាគច្រើននៅក្នុងសម្ព័ន្ធយោធាអង្គការណាតូ ( NATO) កំពុងស្ថិតនៅលើផ្លូវដើម្បីគាំទ្រការទាមទាររបស់លោក Trump ដែលថាពួកគេវិនិយោគ៥% នៃផលិតផលក្នុងស្រុកសរុប GDP លើតម្រូវការការពារជាតិ និងយោធារបស់ពួកគេ។
គួររម្លឹកថា កាលពីដើមខែមិថុនាកន្លងទៅ ប្រទេសស៊ុយអែត និងហូឡង់បាននិយាយថា ពួកគេមានបំណងបំពេញតាមគោលដៅថ្មីនេះ ៕

