កណ្ដាល៖ តាមការឱ្យដឹងពីមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នៅព្រឹកថ្ងៃដំបូង នៅខេត្តកណ្តាលមានដំណើរការល្អ ក្រោមការត្រួតពិនិត្យតាមដានយ៉ាងហ្មត់ចត់ពីក្រុមគ្រូអនុរក្ស ហើយសិស្សមានសុខភាពល្អ ពុំមានសិស្សណាមានផ្ទុកវិជ្ជមានកូវីដ១៩នោះទេ ប៉ុន្តែក្នុងចំណោមបេក្ខជនសិស្សមានសិទ្ធប្រឡងចំនួន ៩០២២នាក់ គឺមានអវត្តមានមិនបានប្រឡងចំនួន ៣៣៣នាក់។
តាមការឱ្យដឹងពីលោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ខែធ្នូនេះ សិស្សថ្នាក់ទី១២ ដែលមានសិទ្ធចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១នេះ មានចំនួន ៩០២២នាក់ ក្នុងនោះសិស្សស្រីមានចំនួន ៥០០៨នាក់ ដោយបានបែងចែកមណ្ឌលប្រឡងចំនួន ១៨មណ្ឌល ក្នុងនោះផ្នែកវិទ្យាសាស្ត្រមានចំនួន៥មណ្ឌល និងផ្នែកវិទ្យាសាស្ត្រសង្គមមាន ១៣មណ្ឌល។
បើតាមលោក អ៊ូ វុឌ្ឈី ប្រធានមណ្ឌលប្រឡងប្រចាំវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល បញ្ជាក់ថាសម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃដំបូងនេះ គ្រប់បេក្ខជនសិស្សចូលរួមប្រឡងទាំងអស់ គឺបានអនុវត្តបានល្អ តាមគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា និងតាមបទបញ្ជាវិន័យការប្រលង ខណៈក្រុមគ្រូអនុរក្សបានធ្វើការវាស់កំដៅ ឆែករកសំណៅឯកសារ យ៉ាងប្រុងប្រយ័ត្នបំផុត និងក្រោមការតាមដានពិនិត្យ អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
បើតាមអាណាព្យាបាលសិស្សប្រឡងបាក់ឌុប ថ្លែងថា យើងមានការពេញចិត្ត នឹងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ខណៈទិដ្ឋភាពការប្រឡងគឺមានការរឹតបន្តឹងល្អ និងមានការប្រុងប្រយ័ត្នល្អ ខណៈកូវីដ១៩ មិនទាន់ផុតពីទឹកដីកម្ពុជា ហើយការរៀនសូត្រថ្នាក់ទី១២របស់កូនចៅគាត់នៅក្នុងឆ្នាំនេះ គឺបានធ្វើតាមប្រព័ន្ធអនឡាញផង និងរៀនផ្ទាល់នៅក្នុងថ្នាក់ក្នុងរយៈពេលខ្លីផង និងបានខិតខំប្រឹងប្រែងរៀនយ៉ាងយកចិត្តទុកដាក់ទៅតាមបរិបទកូវីដ១៩។
សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២១ ទូទាំងខេត្តកណ្តាល មានសិស្សបានសិក្សាថ្នាក់ទី១២មានប្រមាណជាង ៩២០០នាក់ ត្រូវបានមន្ទីរអប់រំខេត្តកណ្តាល បានសម្រេចដកសិទ្ធសិស្សមិនអនុញ្ញាតចូលប្រឡងមានប្រមាណ ១៨០នាក់ដោយសារ គាត់អវត្តមានការសិក្សាច្រើន និងរៀនធ្លាក់ពិន្ទុក្រោមមធ្យមភាគជាដើម ដោយឡែកក្នុងចំណោមសិស្សមានសិទ្ធប្រឡងចំនួន ៩០២២នាក់ នៅព្រឹកថ្ងៃដំបូងនេះ មានសិស្សអវត្តមានមិនបានចូលប្រឡងចំនួន ៣៣៣នាក់ ក្នុងនោះសិស្សស្រី ១៣៧នាក់៕ អត្ថបទ ស៊ុម សុខជា