មួយទសវត្សរ៍បន្ទាប់ពីរបាយការណ៍ដ៏សំខាន់របស់អង្គការសហប្រជាជាតិ ដែលបានសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើងបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមន្ត្រីអង្គការរសហប្រជាជាតិស៊ើបអង្កេតសិទ្ធិមនុស្សនៅក្នុងរដ្ឋឯកោមួយនេះបានប្រាប់សារព័ត៌មាន Reuters ថា ការរំលោភបំពានជាច្រើននៅតែបន្ត ធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយសារការគ្រប់គ្រងកាលពីសម័យជំងឺរាតត្បាតកូវីដ-១៩ ដែលនៅតែមិនទាន់ត្រូវបានដកចេញ។

លោក James Heenan តំណាងឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងសេអ៊ូល បាននិយាយថា លោកនៅតែមានការភ្ញាក់ផ្អើលចំពោះការនៅបន្តមានការប្រហារជីវិត ពលកម្មដោយបង្ខំ និងរបាយការណ៍នៃភាពអត់ឃ្លាននៅក្នុងប្រទេសផ្តាច់ការមួយនេះ។

នៅចុងឆ្នាំនេះ ក្រុមការងាររបស់លោក Heenan នឹងចេញផ្សាយរបាយការណ៍តាមដានចំពោះការរកឃើញកាលពីឆ្នាំ២០១៤ ដោយគណៈកម្មការស៊ើបអង្កេតសិទ្ធិមនុស្សនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បាននិយាយថា រដ្ឋាភិបាល បានប្រព្រឹត្ត «ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ រាលដាល និងធ្ងន់ធ្ងរ» បង្កើតជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ខណៈការសន្និដ្ឋាននៃរបាយការណ៍ឆ្នាំនេះនៅតែត្រូវបញ្ចប់ចុងក្រោយ លោក Heenan បានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា ១០ឆ្នាំចុងក្រោយនេះបានឃើញលទ្ធផលចម្រុះ ដោយរដ្ឋាភិបាលកូរ៉េខាងជើងបានចូលរួមកាន់តែច្រើនជាមួយស្ថាប័នអន្តរជាតិមួយចំនួន ប៉ុន្តែបានប្រព្រឹត្តកាន់តែខ្លាំងលើការគ្រប់គ្រងនៅក្នុងប្រទេស។ លោកបាននិយាយថា «អំឡុងពេលក្រោយជំរឺរាតត្បាតកូវីដសម្រាប់ប្រទេសកូរ៉េខាងជើង មានន័យថាជាអំឡុងពេលនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលកាន់តែខ្លាំងលើជីវិតរបស់ប្រជាជន និងការរឹតត្បិតលើសេរីភាពរបស់ពួកគេ»។