ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានដាក់សម្ពាធលើអ៊ុយក្រែនឱ្យទទួលយកភ្លាមៗនូវអនុស្សរណៈរបស់ទីក្រុងមូស្គូ ស្តីពីសន្ធិសញ្ញាសន្តិភាព។ លោកPutin បាននិយាយដូច្នេះទៅកាន់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

លោកបាននិយាយសំដៅទៅលើការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ដែលបានធ្វើឡើងកាលពីខែឧសភា និងខែមិថុនា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ លោក Putin និយាយថា «ប្រសិនបើអ៊ុយក្រែន មិនឈានដល់កិច្ចព្រមព្រៀងទេ ស្ថានភាពអាចនឹងផ្លាស់ប្តូរកាន់តែអាក្រក់សម្រាប់ពួកគេ។

ប្រទេសទាំងពីរ បានផ្លាស់ប្តូរអនុស្សរណៈក្នុងអំឡុងពេលការចរចា។ រុស្ស៊ី កំពុងស្វែងរកឲ្យអ៊ុយក្រែនដកកងទ័ពចេញទាំងស្រុងពីតំបន់ទាំងបួននៅភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែន ដែលទីក្រុងមូស្គូអះអាងថា ខ្លួនបានដាក់បញ្ចូលជាឧបសម្ព័ន្ធ។ អ៊ុយក្រែន បានច្រានចោលសំណើនេះ ដោយនិយាយថា រុស្ស៊ីគ្រាន់តែអះអាងដដែលៗដូចកាលពីពេលមុនប៉ុណ្ណោះ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហានរុស្ស៊ី បានរំដោះភូមិមួយនៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំជាច្រើនលើកលើរដ្ឋធានីគីវរបស់អ៊ុយក្រែន ខណៈព្យាយាមពង្រីកតំបន់នានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននៅភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន។