ភ្នំពេញ៖ បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម (បាក់ឌុប) ក្នុងមណ្ឌលវិទ្យាល័យបាក់ទូក នៅថ្ងៃទី២៧ ខែធ្នូនេះ បានប្រាប់BTVថា វិញ្ញាសារប្រឡងនៅព្រឹកនេះ គឺពួកគេធ្វើបានច្រើន និងមានសង្ឃឹមជាប់ ខណៈការប្រឡងមានការរឹតបន្តឹងដូចឆ្នាំមុនៗដដែល។
វិញ្ញាសារប្រឡងនៅព្រឹកនេះ ផ្នែកវិទ្យាសាស្រ្ត មានពីរមុខវិជ្ជា គឺប្រវិត្តវិទ្យា និងជីវៈវិទ្យា ផ្នែកវិទ្យា សាស្រ្តសង្គម មានពីរមុខវិជ្ជាដែរ គឺផែនដី បរិស្ថានវិទ្យា និងប្រវត្តិវិទ្យា។ នៅពេលរសៀល មានមុខវិជ្ជាគីមី វិទ្យា ភាសាបរទេស និងសម្រាប់ផ្នែកវិទ្យាសាស្រ្ត និងផ្នែកវិទ្យាសាស្រ្តសង្គម មានមុខវិជ្ជា ភូមិវិទ្យា និង ភាសាបរទេស។
ដើម្បីធានាការប្រឡងបាក់ឌុបប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ បានពង្រឹងកិច្ចសហការយ៉ាង ស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៧។ បន្ថែមលើនេះ ក្រសួងអប់រំ ក៏បានដាក់ចេញវិធានការ ផ្សេងៗមួយចំនួនទៀត ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ជូនបេក្ខជនផងដែរ។
ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ខែធ្នូ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបប្រមាណជាង ១១ម៉ឺននាក់ ខណៈគណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡង មានចំនួនជាង៣ម៉ឺននាក់។
លទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១៩ ខែមករា នឹង ប្រកាសនៅតាមបណ្តាខេត្តផ្សេងៗ នៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ ទូច សោភ័ណ



