ឯកសាររដ្ឋាភិបាលបង្ហាញថា និយតករអាកាសចរណ៍របស់ឥណ្ឌា បានចេញការព្រមានដល់ក្រុមហ៊ុន Air India ចំពោះការបំពានច្បាប់សុវត្ថិភាព បន្ទាប់ពីយន្តហោះប្រភេទ Airbus ចំនួន ៣គ្រឿងរបស់ខ្លួន បានបន្តប្រតិបត្តិការហោះហើរក្នុងពេលការត្រួតពិនិត្យឧបករណ៍សង្គ្រោះបន្ទាន់ហួសកាលកំណត់ ហើយសម្រាប់ការយឺតយ៉ាវក្នុងការដោះស្រាយបញ្ហានេះ។
គួរបញ្ជាក់ថា សេចក្តីជូនដំណឹងព្រមាន និងរបាយការណ៍ស៊ើបអង្កេត ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រនេះ គឺមិនទាក់ទងទៅនឹងការធ្លាក់យន្តហោះប៊ូអ៊ីង 787-8 របស់ Air India កាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សរាប់រយនាក់នោះទេ ហើយការព្រមាននេះត្រូវបានបញ្ជូនប៉ុន្មានថ្ងៃមុនហេតុការណ៍ធ្លាក់នោះ។
នៅក្នុងរបាយការណ៍ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា និយាយថា ការត្រួតពិនិត្យនៅនឹងកន្លែងក្នុងខែឧសភា លើយន្តហោះ Airbus របស់ Air India ចំនួន ៣គ្រឿង បានរកឃើញថា យន្តហោះទាំងនោះត្រូវបានបន្តប្រើប្រាស់ បើទោះបីជាហួសពេលកំណត់នៃការត្រួតពិនិត្យជាកាតព្វកិច្ចលើ "ឧបករណ៍សង្គ្រោះបន្ទាន់" នៃពោងស្លាយរអិលសម្រាប់គេចខ្លួនក៏ដោយ។
ក្រុមហ៊ុន Air India ដែលត្រូវកាន់កាប់ដោយក្រុមហ៊ុន Tata Group ក្នុងឆ្នាំ២០២២ ពីរដ្ឋាភិបាល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុង "ពន្លឿន" ការផ្ទៀងផ្ទាត់កំណត់ត្រាថែទាំទាំងអស់ រួមទាំងកាលបរិច្ឆេទនៃពោងស្លាយគេចខ្លួន ហើយនឹងបញ្ចប់ដំណើរការនេះនៅប៉ុន្មានថ្ងៃខាងមុខ៕