ប្រទេសសហភាពអឺរ៉ុបចំនួន ៩ បានអំពាវនាវឲ្យគណៈកម្មការអឺរ៉ុបចេញសំណើអំពីវិធីបញ្ឈប់ពាណិជ្ជកម្មសហភាពអឺរ៉ុប ជាមួយនឹងកន្លែងតាំងទីលំនៅរបស់អ៊ីស្រាអែល ក្នុងទឹកដីប៉ាឡេស្ទីនដែលប្រទេសនេះ បានគ្រប់គ្រង។ នេះបើយោងតាមលិខិតមួយដែលបានឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍។

លិខិតដែលផ្ញើជូនប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសមកពីប្រទេសបែលហ្ស៊ិក ហ្វាំងឡង់ អៀរឡង់ លុចសំបួ ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវេនី អេស្ប៉ាញ និងស៊ុយអែត។
សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែល ដែលស្មើនឹងមួយភាគបីនៃពាណិជ្ជកម្មទំនិញសរុបរបស់ខ្លួន។ ពាណិជ្ជកម្មទំនិញទេ្វភាគីផ្លូវរវាងប្លុកនិងអ៊ីស្រាអែលមានចំនួន ៤២,៦ ពាន់លានអឺរ៉ូ (៤៨,៩១ពាន់លានដុល្លារ) កាលពីឆ្នាំមុន បើទោះបីជាពុំច្បាស់ថាតើពាណិជ្ជកម្មនោះ ពាក់ព័ន្ធនឹងកន្លែងតាំទីលំនៅណាខ្លះនោះ។

រដ្ឋមន្ត្រីទាំងនោះបានចង្អុលទៅមតិយោបល់នៅខែកក្កដា ឆ្នាំ ២០២៤ ពីតុលាការយុត្តិធម៌អន្តរជាតិ ដែលបាននិយាយថា ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន និងការតាំងទីលំនៅនៅទីនោះ គឺខុសច្បាប់។ មិតនោះ បានលើកឡើងថា រដ្ឋទាំងអស់គួរតែចាត់វិធានការ ដើម្បីទប់ស្កាត់ទំនាក់ទំនងពាណិជ្ជកម្មឬការវិនិយោគ ដែលជួយរក្សាស្ថានភាពនេះ។