រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ីតាលី លោក Giancarlo Giorgetti បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៩ មិថុនា) ថា ច្បាប់ថវិការបស់សហភាពអឺរ៉ុប គឺជារឿង "ល្ងង់ខ្លៅ និងគ្មានន័យ" ហើយចាំបាច់ត្រូវផ្លាស់ប្តូរជាបន្ទាន់ ដើម្បីអនុញ្ញាតឱ្យរដ្ឋជាសមាជិក អាចបង្កើនការចំណាយលើវិស័យការពារជាតិ ដូចដែលបានណែនាំដោយទីក្រុងប្រ៊ុចសែល។

គួរឱ្យដឹងថា គណៈកម្មាការសហភាពអឺរ៉ុប បានដាក់ចេញឃ្លាច្បាប់ដែលមានភាពបត់បែន ដើម្បីអនុញ្ញាតឱ្យមានការវិនិយោគបន្ថែមទៀតនៅក្នុងផ្នែកសន្តិសុខ ប៉ុន្តែលោក Giorgetti បាននិយាយថា ទម្រង់បច្ចុប្បន្នរបស់ពួកគេបានដាក់ទណ្ឌកម្មដល់ប្រទេសនានា ដូចជាអ៊ីតាលីជាដើម ដែលស្ថិតនៅក្រោមអ្វីដែលគេហៅថា នីតិវិធីបំពានច្បាប់សហភាពអឺរ៉ុប សម្រាប់ឱនភាពដ៏លើសលប់របស់ខ្លួន។
រដ្ឋមន្ត្រីរូបនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយបុគ្គលិករបស់លោកថា "ជារឿងចាំបាច់ណាស់ក្នុងការស្វះស្វែងរកវិធីដើម្បីនាំយកច្បាប់ទាំងនេះឱ្យទាន់សម័យជាមួយនឹងវិបត្តិដែលអឺរ៉ុបកំពុងជួបប្រទះ ដើម្បីកុំឱ្យមើលទៅហាក់ដូចជាល្ងង់ខ្លៅ និងគ្មានន័យ" ខណៈអំពាវនាវឱ្យមានការផ្លាស់ប្តូរនៃ "ច្បាប់ដ៏ល្ងីល្ងើ និងគ្មានន័យ" ទាំងនេះ។

ទីក្រុងប្រ៊ុចសែល បានស្នើឱ្យមានការអនុញ្ញាតឱ្យរដ្ឋជាសមាជិកបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ១,៥% នៃផលិតផលក្នុងស្រុកសរុប GDP ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៤ឆ្នាំ ដោយពុំាមនវិធានរកាដាក់វិន័យដែល ជាធម្មតានឹងកើតមាននៅពេលដែលឱនភាពលើសពី ៣% នៃ GDP។ ក្នុងស្ថានភាពនេះ អ៊ីតាលីមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់ឃ្លាច្បាប់ភាពបត់បែនរបស់អឺរ៉ុប ព្រោះអាចនឹងរារាំងមិនឱ្យបន្ទាបឱនភាពរបស់ខ្លួនមកត្រឹម ២,៨% នៃ GDP ក្នុងឆ្នាំ២០២៦ ពីអត្រា ៣,៤% កាលពីឆ្នាំមុន ដូចដែលបានគ្រោងទុក៕