លោក Ali Larijani ដែលជាទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ប្រទេសលោកខាងលិច កំពុងស្វែងរកការបំផ្លាញអ៊ីរ៉ង់ និងមិនខ្វល់ពីកម្មវិធីនុយក្លេអ៊ែររបស់ ខ្លួនទេ។
លោកត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន IRNA ថា៖«បញ្ហារបស់ពួកគេ គឺមិនមែនជាកម្មវិធីនុយក្លេអ៊ែរពិតប្រាកដនោះទេ។ នោះមិនមែនជាអ្វីដែលពួកគេយកចិត្តទុកដាក់នោះទេ។ ពួកគេចង់បានការត្រួតត្រាលើប្រទេសអ៊ីរ៉ង់ ហើយកំពុងព្យាយាមធ្វើឲ្យមហន្តរាយដល់មូលដ្ឋានគ្រឹះនៃសេចក្តីថ្លៃថ្នូរជាតិរបស់យើង»។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova ធ្លាប់បានប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង St. Petersburg ថា ប្រទេសលោកខាងលិច កំពុងដើរតួនាទីបំផ្លិចបំផ្លាញ ក្នុងស្ថានភាពរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ជាពិសេសនៅក្នុងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។
អ្នកស្រីបាននិយាយថា៖«សម្រាប់ពួកគេ វានៅតែជាវេទិកាមួយផ្សេងទៀត ដែលពួកគេចង់បង្វែរពីការដោះស្រាយឯកសារ ដែលមានកាតព្វកិច្ចរបស់ខ្លួន ទៅចូលរួមក្នុងបញ្ហានយោបាយ ដូច្នេះពួកគេអាចប្រើប្រាស់វាជាឧបករណ៍មួយផ្សេងទៀត ដើម្បីបន្តគោលដៅភូមិសាស្ត្រនយោបាយរបស់ពួកគេ»។
យោងតាមអ្នកស្រី Zakharova ប្រទេសរុស្ស៊ី កំពុងធ្វើការដើម្បីរារាំងលោកខាងលិចពីការប្រើប្រាស់ឥទ្ធិពលទៅលើថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)
