នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារសន្តិភាព នៅភាគខាងត្បូងប្រទេសលីបង់ លោកប្រធានាធិបតី Joseph Aoun បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗ ក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោក Thomas Barrack ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសទួរគី និងបេសកជនពិសេសប្រចាំប្រទេសស៊ីរី។
លោក Aoun បាននិយាយថា ប្រទេសរបស់លោក ត្រូវការការគាំទ្រពីសហរដ្ឋអាមេរិក ដើម្បីស្ដារសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់។
លោកបានអំពាវនាវឲ្យកងកម្លាំងអ៊ីស្រាអែលដកខ្លួនចេញពីភ្នំទាំង៥ ដែលពួកគេកាន់កាប់ និងជំរុញឲ្យបញ្ចប់សកម្មភាពអរិភាព។

លោក Aoun ក៏បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបន្តអាណត្តិរបស់កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) ដែលប្រតិបត្តិការ ក្នុងការសម្របសម្រួលជាមួយកងទ័ពលីបង់ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិ និងមានគោលបំណងដាក់ពង្រាយតាមព្រំដែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសលីបង់។
លោកប្រធានាធិបតី បានបង្ហាញផែនការ ដើម្បីពង្រឹងវត្តមានយោធារបស់លីបង់ នៅភាគខាងត្បូង។
លោកបានប្រកាសថា ប្រទេសលីបង់ នឹងបង្កើនកងទ័ពរបស់ខ្លួន នៅភាគខាងត្បូងទន្លេ Litani រហូតដល់ទាហាន ១០.០០០ នាក់។
លោក Aoun បាននិយាយថា អង្គភាពទាំងនេះ កំពុងធ្វើការ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ១៧០១ របស់អង្គការសហប្រជាជាតិឲ្យបានពេញលេញ ដោយបានដកអាវុធដែលអាចមើលឃើញ រឹបអូសអាវុធ និងគ្រាប់រំសេវ ហើយធានាថា មានតែកងកម្លាំងសន្តិសុខផ្លូវការប៉ុណ្ណោះ ដែលត្រូវបំពាក់អាវុធ។
