បាល់ទាត់៖ ក្លិបដែលកំពុងមានវិបត្តិហិរញ្ញវត្ថុ Barcelona នឹងទទួលបានខ្សែប្រយុទ្ធអេស្ប៉ាញ Ferran Torres នៅដើមខែមករាខាងមុខនេះហើយពី Manchester City ក្នុងតម្លៃ ៥៥លានអឺរ៉ូ។ មិនទាន់អស់នៅឡើយអ្នកចាត់ការ Barcelona លោក Xavi Hernandez ដែលធ្លាប់ជាកីឡាកររបស់អ្នកចាត់ការ Manchester City បច្ចុប្បន្នលោក Pep Guardiola នោះក៏បានបង្ហាញបំណងចង់បានខ្សែបម្រើរបស់ Manchester City ម្នាក់ទៀតគឺ Phil Foden។

កីឡាករវ័យ ២១ឆ្នាំរូបនេះគឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Manchester City ស្រាប់ និងបានចូលលេងក្រុមធំនៅឆ្នាំ២០១៧ ក្នុងវ័យ ១៧ឆ្នាំប៉ុណ្ណោះនៅពេលនោះ។ តាំងពីពេលនោះមក Phil Foden ស៊ុតបញ្ចូលទីបាន ៣៧គ្រាប់ហើយ បូកជាមួយនឹងបាល់បញ្ជូនសរុប ២៨ ក្នុងការបង្ហាញខ្លួនសរុប ១៤២ប្រកួត។ Xavi Hernandez នឹងជជែងជាមួយប្រធានក្លិប Joan Larpota ពីលទ្ធភាពនាំយកកីឡាករវ័យ ២១ឆ្នាំរូបនេះមកកាន់ Camp Nou បើទោះជាក្លិបកំពុងមានវិបត្តិហិរញ្ញវត្ថុក៏ដោយ។ សូមបញ្ជាក់ថា Covid-19 បានធ្វើឱ្យក្លិបនៅតំបន់ Catalan ប្រទេសអេស្ប៉ាញមួយនេះជួបនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ មុនពេលការមកដល់របស់ Joan Larpota និងការចាកចេញរបស់ Lionel Messi។ Ferran Torres ដែលទិញ Manchester City ក្នុងតម្លៃ ៥៥លានអឺរ៉ូនោះក៏ជាថវិការដែលបានមកពីការខ្ចីធនាគារដែរ៕
អត្ថបទ៖នាង សុភាវុធ