នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា ប្រទេសរបស់លោកមានសមត្ថភាពវាយប្រហារគ្រប់ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយគ្មានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក។
នៅពេលត្រូវបានសួរថាតើរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម Fordow អាចត្រូវបានវាយប្រហារ ដោយមានឬគ្មានការចូលរួមពីសហរដ្ឋអាមេរិកដែឬទេ នោះលោកNetanyahu និយាយថា «យើងមានអំណាចកម្ទេចចោលគោលដៅរបស់យើងទាំងអស់ និងរោងចក្រនុយក្លេអ៊ែរទាំងអស់របស់ប្រទេសនេះ» ។

តាមសេចក្តីរាយការណ៍ បរិវេណរោងចក្រFordow ស្ថិតនៅក្រោមដីទំហំប្រហែល៨០ម៉ែត្រក្នុងតំបន់ភ្នំនៅភាគកណ្តាលប្រទេសអ៊ីរ៉ង់។ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump តាមសេចក្តីរាយការណ៍ថាកំពុងពិចារណាលើការធ្វើអន្តរាគមន៍យោធាតាមការស្នើសុំរបស់អ៊ីស្រាអែល និងប្រើប្រាស់នូវអ្វីដែលហៅថាគ្រាប់បែកខួងទម្លុះដីដើម្បីបំផ្លាញរោងចក្រ Fordow ។
គេហទំព័រព័ត៌មានអាមេរិក Axios កាលពីថ្ងៃពុធ បានដកស្រង់ប្រភពព័ត៌មានរដ្ឋាភិបាលអ៊ីស្រាអែល ដោយនិយាយថា អ៊ីស្រាអែលតែម្នាក់ឯង អាចបំផ្លាញរោងចក្រ Fordow ។ ប្រភពនិយាយថា អ៊ីស្រាអែល បានធ្វើការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយទៅលើរោងចក្រផលិតមីស៊ីលក្រោមដីក្នុងប្រទេសស៊ីរីកាលពីខែកញ្ញាឆ្នាំមុន។ ពួកគេបាននិយាយថា អ៊ីស្រាអែល ប្រហែលមិនពឹងផ្អែកលើ គ្រាប់បែកខួងទម្លុះដីរបស់អាមេរិកនោះទេ។ លោក Trump បានចេញសារមួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថាលោកនឹងសម្រេចចិត្តក្នុងរយៈពេលពីរសប្តាហ៍ទៀត ថាតើត្រូវចាត់វិធានការយោធាប្រឆាំងអ៊ីរ៉ង់ ឬយ៉ាងណា។
