អាជ្ញាធរការពារដែនកោះ នៅថ្ងៃសុក្រ (ទី២០ ខែមិថុនា) នេះ បានឲ្យដឹងថា តៃវ៉ាន់បានអង្កេតឃើញយន្តហោះយោធាចិនចំនួន ៥០គ្រឿង នៅជុំវិញកោះនេះ ដោយការរាយការណ៍នេះកើតមានឡើងក្រោយមួយថ្ងៃបន្ទាប់ពីនាវាកងទ័ពជើងទឹកអង់គ្លេស បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប។

ប្រទេសចិនបានលើកឡើងម្ដងហើយម្ដងទៀតថា តៃវ៉ាន់ដែលជាកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ គឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន ខណៈដែលមិនបានច្រានចោលការប្រើប្រាស់កម្លាំង ដើម្បីក្រសោបយកកោះនេះឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ។ ហើយទីក្រុងប៉េកាំងបានបង្កើនការដាក់ពង្រាយយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹក ជុំវិញកោះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជំរុញយ៉ាងខ្លាំងក្លាដល់ការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ជាអ្វីដែលទីក្រុងតៃប៉ិបដិសេធ។
អាជ្ញាធរការពារដែនកោះ បានប្រាប់ថា រួមជាមួយនឹងយន្តហោះចំនួន ៥០គ្រឿង នាវាកងទ័ពជើងទឹកចិនចំនួន ៦គ្រឿងក៏ត្រូវបានប្រទះឃើញផងដែរ ក្នុងរយៈពេល ២៤ម៉ោង ពោលគឺដល់ម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២២ ម៉ោងសកល ថ្ងៃព្រហស្បតិ៍)។ លើសពីនេះទៀត ស្ថាប័ននេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកថា យន្តហោះចិន ២៤គ្រឿងបន្ថែមទៀត រួមទាំងយន្តហោះចម្បាំង និងយានដ្រូន ត្រូវបានប្រទះឃើញចាប់តាំងពីម៉ោង ៨:៥០នាទី ម៉ោងក្នុងស្រុក នាព្រឹកថ្ងៃសុក្រនេះ៕
