មន្ត្រីបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សម្នាក់ ត្រូវបានសម្លាប់ និងជាង ១០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយបង្អស់របស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលបានកំណត់គោលដៅទីក្រុងកំពង់ផែ Odesa ភាគខាងត្បូង។

សេវាសង្គ្រោះបន្ទាន់ បានផ្សព្វផ្សាយរូបភាពនៃអ្នកពន្លត់អគ្គិភ័យ កំពុងជួយស្ត្រីម្នាក់ដែលឡើងចេញតាម បង្អួចនៃប្លុកលំនៅឋានមួយដែលកំពុងឆេះ។
ទាំងទីក្រុងមូស្គូ និងទីក្រុងគៀវ បានបង្កើនការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់ពួកគេ បន្ទាប់ពីសង្គ្រាមរយៈពេល បីឆ្នាំ និងការចរចាសន្តិភាពដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក ហាក់ដូចជាកាន់តែខិតជិតឈានដល់ការបរាជ័យហើយនោះ។
នគរបាលអ៊ុយក្រែន បាននិយាយថា មនុស្សម្នាក់ ត្រូវបានសម្លាប់ និង ១៣នាក់ បានរងរបួស នៅក្នុងទីក្រុង Odesa រួមទាំងអ្នកជួយសង្គ្រោះបីនាក់ដែលបានរងរបួសនៅកន្លែងកើតហេតុនៃការវាយប្រហារនោះ។
លោក Oleg Kiper អភិបាលនៃតំបន់សមុទ្រខ្មៅ បាននិយាយថា៖«អគារលំនៅឋាប គ្រឹះស្ថានឧត្តមសិក្សា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងដឹកជញ្ជូន ត្រូវបានខូចខាតដោយការវាយប្រហារ»។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះយានដ្រូនចំនួន ៨៦គ្រឿង នៅក្នុងការវាយប្រហារ ហើយ ៧០គ្រឿង ត្រូវបានទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស។
