វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសុក្រនេះថា មជ្ឈិមបូព៌ា កំពុងធ្លាក់ចូលទៅក្នុង «ស្ថានភាពស្មុកស្មាញនៃអស្ថិរភាព និងសង្គ្រាម» ហើយថា ទីក្រុងមូស្គូ មានការព្រួយបារម្ភចំពោះព្រឹត្តិការណ៍នានា ហើយនៅតែត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្រុះសម្រួល ប្រសិនបើចាំបាច់។
រុស្ស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ហើយថែមទាំងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីស្រាអែល បានជំរុញឲ្យសហរដ្ឋអាមេរិកកុំវាយប្រហារអ៊ីរ៉ង់ ហើយបានអំពាវនាវឲ្យរកដំណោះស្រាយការទូតចំពោះវិបត្តិជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

នៅថ្ងៃសុក្រនេះ នៅពេលសួរថាតើរុស្ស៊ីមានបន្ទាត់ក្រហមឬអត់ ស្របពេលស្ថានភាពបែបនេះ បានកើតឡើង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសក្នុងតំបន់ គួរតែមានបន្ទាត់ក្រហមរៀងៗខ្លួន។
លោក Peskov បាននិយាយថា៖«តំបន់នេះ កំពុងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏លំបាកនៃអស្ថិរភាព និងសង្រ្គាម»។
លោក Peskov បានបន្ថែមថា ទីក្រុងមូស្គូមើលឃើញថា អ៊ីស្រាអែលចង់បន្តសកម្មភាពយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ នៅពេលនេះ ប៉ុន្តែរុស្ស៊ីមានទំនាក់ទំនងបើកចំហជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
