រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃសុក្រ (ទី២០ ខែមិថុនា) នេះ បានព្រមានក្រុមហេសបូឡារបស់ប្រទេសលីបង់ កុំចូលមកពាក់ព័ន្ធឲ្យសោះ ក្នុងជម្លោះដែលកំពុងបន្តមាន រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
លោក Katz បាននិយាយថា «មេដឹកនាំជាន់ខ្ពស់របស់ក្រុមហេសបូឡា មិនបានរៀនសូត្រពីមេរៀនរបស់អ្នកកាន់តំណែងមុនរបស់ខ្លួនទេមើលទៅ ទើបហ៊ានគំរាមធ្វើសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែលតាមបញ្ជា» ពីប្រទេសអ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមបញ្ជាក់ទៅកាន់អ្នកធ្វើសង្គ្រាមប្រូកស៊ីនៅលីបង់ប្រយ័ត្នប្រយែងឲ្យមែនទែន»។
កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា) មេដឹកនាំជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Naim Qassem បាននិយាយថា ក្រុមដែលមានមូលដ្ឋាននៅប្រទេសលីបង់មួយនេះ «មិនអព្យាក្រឹតនោះទេ ហើយឈរនៅខាងអ៊ីរ៉ង់»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Qaseem បានប្រាប់ថា ក្រុមនេះនឹង «ធ្វើសកម្មភាពដូចដែលយើងមើលឃើញថា សមរម្យ ដើម្បីតទល់នឹងការឈ្លានពានដ៏ឃោរឃៅរបស់អ៊ីស្រាអែល-អាមេរិក»។
គួរបញ្ជាក់ថា អរិភាពបានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ នៅពេលដែលអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសលើទីតាំងជាច្រើន នៅទូទាំងប្រទេសអ៊ីរ៉ង់ ក្នុងនោះរួមមានទាំងកន្លែងយោធា និងនុយក្លេអ៊ែរផងដែរ ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់ចាប់ផ្តើមវាយប្រហារសងសឹកវិញ៕