ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបាននិយាយនៅថ្ងៃសុក្រ (ទី២០ ខែមិថុនា) នេះថា លទ្ធភាពនៃការប្រើប្រាស់នូវអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់ នឹងក្លាយជាហេតុការណ៍ដ៏មហន្តរាយ។
លោក Peskov កំពុងធ្វើអត្ថាធិប្បាយលើអ្វីដែលលោកហៅថា របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយដែលប៉ាន់ស្មានទុកអំពីលទ្ធភាពនោះ។ ការអត្ថាធិប្បាយរបស់លោក ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន TASS មិនបាននិយាយអំពីឈ្មោះប្រព័ន្ធផ្សព្វផ្សាយណាមួយដោយចំៗនោះទេ។
សារព័ត៌មាន The Guardian បានចុះផ្សាយថា មន្ត្រីការពារជាតិអាមេរិកត្រូវបានសង្ខេបប្រាប់ថា ការប្រើប្រាស់គ្រាប់បែកធម្មតាទូទៅលើរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្រោមដីរបស់អ៊ីរ៉ង់ នៅតំបន់ Fordow នឹងមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំផ្លាញរោងចក្រនេះទាំងស្រុងនោះទេ ហើយការបំផ្លាញវានឹងតម្រូវឲ្យមានការវាយប្រហារដំបូងដោយគ្រាប់បែកធម្មតាជាមុនសិន និងបន្ទាប់មកទម្លាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រពីយន្តហោះទម្លាក់គ្រាប់បែក B-2។
តែទោះជាយ៉ាងណាក្ដី សារព័ត៌មាននៅប្រទេសអង់គ្លេសមួយនេះ បានឲ្យដឹងបន្ថែមថា លោកប្រធានាធិបតីអាមេរិក Donald Trump មិនពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនលើរោងចក្រ Fordow ហើយលទ្ធភាពនេះមិនត្រូវបានបង្ហាញដោយរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និងអគ្គសេនាធិការចម្រុះ លោក Dan Caine ក្នុងកិច្ចប្រជុំ នៅសេតវិមាន។
លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តណាមួយ ស្តីពីការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងត្រូវបានធ្វើឡើងក្នុងរង្វង់ ២សប្តាហ៍ខាងមុខ។ តែរុស្ស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានព្រមានយ៉ាងខ្លាំង ប្រឆាំងនឹងអន្តរាគមន៍យោធារបស់អាមេរិក ក្នុងការជួយដល់អ៊ីស្រាអែល៕