ក្រុមមន្ត្រី បានប្រាប់ឲ្យដឹងថា កងទ័ពជើងទឹកហ្វីលីពីន បានរឹបអូសការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់តម្លៃ ១០ពាន់លានប៉េសូ (១៧៥លានដុល្លារ) នាថ្ងៃសុក្រ (២០ មិថុនា) នេះ ដោយចំនួននេះជាកំណត់ត្រាគ្រឿងញៀនដ៏ច្រើនធំបំផុតរបស់ប្រទេសនេះ។
លោកឧត្តមនាវីត្រី Edward de Sagon បានប្រាប់សន្និសីទសារព័ត៌មានមួយថា ទូកប្រដាប់អាវុធកងទ័ពជើងទឹក ២គ្រឿង បានស្ទាក់ចាប់ទូកនេសាទ ១គ្រឿងដែលផ្ទុកសារធាតុមេតំហ្វេតាមីនអ៊ីដ្រូក្លរីតទម្ងន់ ១,៥តោន នៅម្ដុំឆ្នេរនៃកោះដ៏ធំ Luzon មុនថ្ងៃរះ។
យោងតាមលោក de Sagon បានឲ្យដឹងថា មនុស្ស ៤នាក់ ក្នុងនោះរួមមានទាំងជនបរទេសម្នាក់ផងដែរ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរួមគ្នាជាមួយទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀនហ្វីលីពីន។ ជាមួយគ្នានេះ លោកបានបន្ថែមថា «នៅមិនទាន់មានព័ត៌មានលម្អិត ថាតើថ្នាំនេះមានប្រភពមកពីណានោះទេ» ដោយបានបញ្ជាក់ថា ពួកគេជឿថា គ្រឿងញៀននេះត្រូវបានផ្ទេរពីនាវាធំមួយទៅទូកនេសាទ។
អ្នកនាំពាក្យកងទ័ពជើងទឹក លោក John Percie Alcos បាននិយាយថា នេះគឺជា «ការចាប់បានថ្នាំញៀនដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃកងទ័ពជើងទឹកហ្វីលីពីន»៕