នៅថ្ងៃសុក្រ (ទី២០ ខែមិថុនា) ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានព្រមានថា សង្រ្គាមផ្លូវអាកាសអ៊ីរ៉ង់-អ៊ីស្រាអែល អាចបង្កឲ្យមានការកើនឡើងនូវចំនួនអន្តោប្រវេសន៍ ដែលអាចប៉ះពាល់ទាំងអឺរ៉ុប និងតំបន់នេះ។
គួរបញ្ជក់ថា អ៊ីស្រាអែល ដែលបាននិយាយថា អ៊ីរ៉ង់ជិតឈានដល់ការផលិតបានអាវុធនុយក្លេអ៊ែរហើយនោះ បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយសប្តាហ៍មុន ដែលបង្កឲ្យមានការសងសឹកភ្លាមៗពីទីក្រុងតេអេរ៉ង់។
ការិយាល័យរបស់លោក Erdogan បានដកស្រង់សម្តីលោកដែលបាននិយាយនៅក្នុងការសន្ទនាតាមទូរសព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ថា៖ «ការរាលដាលនៃអំពើហិង្សាដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ីស្រាអែល អាចប៉ះពាល់ទាំងតំបន់នេះ និងអឺរ៉ុប ទាក់ទងនឹងអន្តោប្រវេសន៍ និងលទ្ធភាពនៃការលេចធ្លាយនុយក្លេអ៊ែរ»។
អំឡុងពេលសន្ទនានោះ លោក Erdogan បានបញ្ជាក់ថា ដំណោះស្រាយ ចំពោះការខ្វែងគំនិតគ្នា ជុំវិញបញ្ហានុយក្លេអ៊ែ ជាមួយអ៊ីរ៉ង់ គឺ «តាមរយៈការចរចា»។ លោកបានបន្ថែមថា អំពើហិង្សាបានបង្កើនការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ដល់កម្រិតខ្ពស់បំផុត ហើយប្រទេសទួរគី កំពុងប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះនេះ។
ទោះបីជាមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗក៏ដោយ ក៏ប្រភពពីក្រសួងការពារជាតិទួរគី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «មិនមានចំនួនកើនឡើង» សម្រាប់អ្នកឆ្លងកាត់ពីប្រទេសអ៊ីរ៉ង់មកនោះទេ។ ហើយអាជ្ញាធរក៏មិនបានបញ្ចេញតួលេខណាមួយឲ្យដឹងនោះដែរ ពាក់ព័ន្ធនឹងអន្តោប្រវេសន៍៕