សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងសហការី ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកជំទាវ ចាន់ សារ៉ន និងក្រុមគ្រួសារ ចំពោះមរណភាព ឧត្តមសេនីយ៍ទោ ព្រុំ សំអុល អតីតទីប្រឹក្សាក្រសួងការពារជាតិ (គណៈយុទ្ធមិត្តបម្រើកងទ័ពជំនាន់ឆ្នាំ១៩៧៨) បានទទួលមរណៈភាព កាលពីថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០៤នាទី ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតនេះ លោកវេជ្ជ. អ៊ុយ សំអុន បាននាំនិងអាននូវសាររំលែកទុក្ខ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា ៖ មរណៈភាពរបស់ ឧត្តមសេនីយ៍ទោ ព្រុំ សំអុល គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា និងញាតិមិត្តគំរូមួយរូប គុណធម៌ដ៏ប្រពៃថ្លៃថ្លា ចំពោះកូន ចៅ សាច់ញាតិ និងក្រុមគ្រួសារទាំងអស់។ ការលាចាកលោកនេះរបស់ ឧត្តមសេនីយ៍ទោ ព្រុំ សំអុល គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហាន ចូលរួមតស៊ូរំដោះជាតិ ប្រជាជន និងកសាង អភិវឌ្ឍ ពង្រឹងសុខសន្តិភាព ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ ព្រុំ សំអុល សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕










