នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដើម្បីតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក។ កិច្ចប្រជុំនេះធ្វើឡើងខេត្តសៀមរាបក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ៥០០ នាក់។

តាមរយៈបណ្ដាញសង្គមឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានលើកឡើងថា យុវជនយើង ចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរយុទ្ធជនជួរមុខរបស់យើង ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី។
ឯកឧត្ដមបន្តថា យើងបានស្មិងស្មាធិ៍គោរពវិញ្ញាណក្ខ័ន្ធ ព្រិន្ទបាលឯក សួន រោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី ដោយសារការផ្ទុះអាវុធ បង្ករឡើងដោយកងទ័ពថៃដែលបានបើកការវាយប្រហារមកលើលេណដ្ឋានរបស់កម្ពុជា។ សូមវិញ្ញាណក្ខ័ន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គ្រប់កាលៈទេសៈ ដែលមានការប្រមាថពីបរទេស យុវជនយើងនឹងមិននៅស្ងៀមជាដាច់ខាត។



