ប្រមុខអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រ ទី២០ មិថុនាថាតំបន់មជ្ឈិមបូព៌ាប្រឈមនឹងមហន្តរាយនុយក្លេអ៊ែរ ប្រសិនបើអ៊ីស្រាអែលវាយប្រហារលើរោងចក្រនុយក្លេអ៊ែរនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់នៅទីក្រុង Bushehr។
លោក Rafael Grossi នាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ទោះបីជាពុំមានវិទ្យុសកម្មត្រូវបានរកឃើញរហូតមកដល់ពេលនេះពីយុទ្ធនាការយោធារយៈពេលមួយសប្តាហ៍របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ក៏ដោយ ក៏ហានិភ័យនៅតែមានកម្រិតខ្ពស់ ជាពិសេសប្រសិនបើរោងចក្រ Bushehr ត្រូវបានកំណត់ជាគោលដៅ។
លោក Grossi បាននិយាយថា «បណ្តាប្រទេសក្នុងតំបន់ បានទាក់ទងដោយផ្ទាល់មកខ្ញុំក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ពួកគេ ហើយខ្ញុំចង់ឲ្យបញ្ជាក់ច្បាស់ថា ក្នុងករណីមានការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ផលប៉ះពាល់ដោយផ្ទាល់នឹងបណ្តាលឱ្យមានការបញ្ចេញវិទ្យុសកម្មយ៉ាងខ្លាំង»។
ប៉ាស៊ីនរ៉េអាក់ទ័រនៅរោងចក្រ Bushehr មានទីតាំងនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ គឺជារោងចក្រនុយក្លេអ៊ែរស៊ីវិលដំបូងគេនៅតំបន់មជ្ឈិមបូព៌ា និងមានផ្ទុកសារធាតុនុយក្លេអ៊ែររាប់ពាន់គីឡូក្រាម។ លោក Grossi បានព្រមានថា ការវាយប្រហារដោយផ្ទាល់ ឬសូម្បីតែធ្វើឲ្យខូចខាតដល់អគ្គិសនីដែលផ្តល់ថាមពលដល់ទីតាំងនោះ ក៏អាចបង្កឱ្យមានការរលាយផងដែរ។

