យោងតាមការិយាល័យសេវាអាកាសធាតុជាតិបានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងជួបប្រទះរលកកម្តៅដ៏ខ្លាំងក្លាដំបូងនៅឆ្នាំនេះ ដោយបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ទី២០ មិថុនា នៅទូទាំងតំបន់ Great Plains និងពង្រីកទៅដល់ផ្នែកមួយចំនួននៃតំបន់ Midwest និង Great Lakes នៅចុងសប្តាហ៍នេះ។

រលកកម្តៅ ត្រូវបានគេរំពឹងថានឹងកាន់តែខ្លាំងឡើង ខណៈវាផ្លាស់ប្តូរទៅឆ្នេរខាងកើតនៅដើមសប្តាហ៍ក្រោយ ដោយសីតុណ្ហភាពឈានដល់កម្រិតខ្ពស់បំផុតនៅលើឧបករណ៍ហានិភ័យកម្តៅរបស់ការិយាល័យសេវាអាកាសធាតុជាតិ។
ទីក្រុងវ៉ាស៊ីនតោន អាចមើលឃើញសីតុណ្ហភាពខ្ពស់ ៣៧ អង្សារសេនៅថ្ងៃច័ន្ទ និង ៣៨អង្សារនៅថ្ងៃអង្គារ ក្រោយនេះ។
ការិយាល័យសេវាអាកាសធាតុជាតិ បានព្រមានថា កម្រិតនៃកម្តៅ អាចមានគ្រោះថ្នាក់សម្រាប់នរណាម្នាក់ដែលគ្មានលទ្ធភាពទទួលបានភាពត្រជាក់និងជាតិទឹកដោយប្រសិទ្ធភាព ជាពិសេសអ្នកដែលចូលរួមក្នុងសកម្មភាពនៅក្រៅផ្ទះយូរ។
ការិយាល័យរបស់អភិបាលក្រុងបានប្រកាសថា មជ្ឈមណ្ឌលផ្តល់ភាពត្រជាក់ដែលបានរៀបចំ រួមមាននៅមជ្ឈមណ្ឌលកម្សាន្ត និងបណ្ណាល័យ ដែលនឹងបើកនៅម៉ោងធ្វើការ។ ប្រជាជនដែលគ្មានផ្ទះសម្បែងនឹងអាចទទួលបានទីជម្រកត្រជាក់។
កម្រិតទាបនៅពេលយប់អាចនឹងនៅតែមានសីតុណ្ហភាពប្រហែល២៧អង្សាសេ ក្នុងតំបន់ទីក្រុងដូចជា Washington, Baltimore, Philadelphia និងទីក្រុង New York ។
