ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញពីឆន្ទៈជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយបណ្តាប្រទេសជាមិត្តក្នុងវិស័យយោធា ដូចជាការអភិវឌ្ឍន៍រួមគ្នានៃសព្វាវុធ ខណៈការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន នៅតែបន្ត។
លោកPutin បាននិយាយនៅក្នុងកិច្ចប្រជុំ នៃវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg កាលពីថ្ងៃសុក្រថា ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ទទួលបានសន្ទុះដ៏ល្អប្រសើរ ដោយក្រុមហ៊ុនជាច្រើនក្នុងវិស័យនេះ បានបង្កើនទិន្នផលរបស់ខ្លួនច្រើន និងអភិវឌ្ឍប្រភេទសព្វាវុធ និងយុទ្ធោបករណ៍ថ្មីៗ។
លោកបាននិយាយបន្តថា រុស្ស៊ីមានបំណងជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាជាមួយប្រទេសជាមិត្ត ហើយនេះនឹងរួមបញ្ចូលការអភិវឌ្ឍរួមគ្នា ការហ្វឹកហ្វឺន និងការបង្កើតសហគ្រាស និងរោងចក្រផលិតជាដើម។
លោកPutin ក៏បាននិយាយសំដៅទៅលើទីក្រុង Sumy ភាគឦសានប្រទេសអ៊ុយក្រែន ដែលមានទីតាំងនៅជិតព្រំដែនជាមួយរុស្ស៊ី ថា ទីក្រុងមូស្គូគ្មានគោលដៅដណ្តើមយកទីក្រុងនេះទេ ប៉ុន្តែ ក្នុងគោលការណ៍លោកមិនច្រានចោលនោះទេ ដោយបង្ហាញពីលទ្ធភាពនៃការបន្តការវាយលុកដោយយោធានៅក្នុងតំបន់ហួសពីភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន។

