រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានជួបជាមួយអ្នកការទូតជាន់ខ្ពស់អឺរ៉ុបនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃសុក្រក្នុងគោលបំណងដើម្បីបន្ធូរបន្ថយជម្លោះរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល។ បន្ទាប់ពីកិច្ចប្រជុំ អឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ពួកគេគាំទ្រការបន្តកិច្ចពិភាក្សា និងបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរក «ដំណោះស្រាយចរចា»។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជួបជាមួយសមភាគីរបស់លោក មកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ព្រមទាំងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រី Kaja Kallas នៅសណ្ឋាគារមួយក្នុងទីក្រុង។
បន្ទាប់ពីកិច្ចពិភាក្សា លោកស្រី Kallas បាននិយាយថា «ការកើនឡើងជម្លោះក្នុងតំបន់ ពុំផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ ហើយនោះជាមូលហេតុដែលយើងចាំបាច់ត្រូវពិភាក្សាជាមួយទីក្រុងតេអេរ៉ង់ដោយបើកចំហ»។ លោកស្រី ក៏បាននិយាយដែរថា យើងបានយល់ព្រមពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរ និងបញ្ហាកាន់ទូលំទូលាយជាងមុន។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា «អ៊ីរ៉ង់ បានត្រៀមខ្លួន ដើម្បីពិចារណាផ្នែកការទូតជាថ្មីម្តងទៀត និងនៅពេលដែលការឈ្លានពានត្រូវបានបញ្ឈប់»។ លោកបានសង្កត់ធ្ងន់ថា លោកបានបញ្ជាក់យ៉ាងច្បាស់ហើយថា «សមត្ថភាពការពាររបស់អ៊ីរ៉ង់ គឺមិនអាចចរចាបានទេ»។
នេះកើតឡើងបន្ទាប់ពីសេតវិមាន បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានកំណត់ពេលវេលារយៈពេលពីរសប្តាហ៍ដើម្បីសម្រេចថាតើសហរដ្ឋអាមេរិកនឹងចូលរួមក្នុងជម្លោះដែរឬយ៉ាងណា។ លោក Trump ច្រានចោលចំពោះការចរចានៅទីក្រុងហ្សឺណែវ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីបានទៅដល់រដ្ឋ New Jersey លោកនិយាយថា «អឺរ៉ុបនឹងពុំអាចជួយអ្វីបាននោះទេ»។
