មន្ត្រីប្រទេសហ្វីលីពីន បានចោទឆ្មាំល្បាតឆ្នេររបស់ចិនថា បានបាញ់កាណុងបាញ់ទឹកទៅលើនាវាមួយគ្រឿងរបស់ខ្លួន។ ពួកគេនិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតកោះថ្មប៉ប្រាស់ទឹក Scarborough ក្នុងសមុទ្រចិនខាងត្បូង។

ទីក្រុងម៉ានីល បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រ ដោយនិយាយថា នាវាចំនួនបួនគ្រឿងនៃការិយាល័យជលផល និងធនធានជលផល ត្រូវបានរារាំងដោយនាវាឆ្មាំល្បាតឆ្នេររបស់ចិន ខណៈកំពុងផ្គត់ផ្គង់ប្រេងដល់ទូកនេសាទហ្វីលីពីន។
ក្រុមមន្ត្រី បានបញ្ចេញវីដេអូដែលបង្ហាញពីអ្វីដែលមើលទៅទំនងជានាវាចិន កំពុងដាក់គោលលើនាវាហ្វីលីពីនដោយប្រើប្រាស់កាណុងបាញ់ទឹក។ ពួកគេពណ៌នាពីសកម្មភាពរបស់ចិនថា ជាទង្វើខុសច្បាប់ ហើយនិយាយថា ជីវិតរបស់សមាជិកនាវិក បានស្ថិតក្នុងគ្រោះថ្នាក់។
អ្នកនាំពាក្យឆ្មាំល្បាតឆ្នេររបស់ចិន បានឆ្លើយតបដោយនិយាយថានាវាហ្វីលីពីនបានបំពានច្បាប់អន្តរជាតិ និងច្បាប់របស់ប្រទេសចិន។ លោកក៏បានចោទពីបទបំផ្លាញដែនអធិបតេយ្យភាពរបស់ចិនផងដែរ។
កោះថ្មប៉ប្រាស់ទឹក Scarborough ស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រភាគខាងលិចកោះ Luzon ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ប៉ុន្តែត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពដោយប្រទេសចិន ។
