ប្រទេសអ៊ីស្រាអែល នៅថ្ងៃសៅរ៍ (ទី២១ ខែមិថុនា) បានអះអាងថា ខ្លួនបានពន្យាររួចរាល់ហើយនូវរយៈពេលយ៉ាងហោចណាស់ ២ឆ្នាំ សម្រាប់កម្មវិធីដែលត្រូវបានសង្ស័យជាការផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយការលើកឡើងនេះកើតមានក្រោយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា ទីក្រុងតេអេរ៉ង់មានពេល «យូរបំផុត» ២សប្តាហ៍ ដើម្បីបញ្ចៀសការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក។
លោក Trump បាននិងកំពុងថ្លឹងថ្លែងថា តើត្រូវឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលដែរ ឬអត់ ដោយបង្ហាញនៅក្នុងការអត្ថាធិប្បាយចុងក្រោយរបស់លោកថា លោកអាចធ្វើការសម្រេចចិត្តមុនរយៈពេល ២សប្តាហ៍ដែលលោកបានកំណត់ ក្នុងសប្តាហ៍នេះ។
អ៊ីស្រាអែលបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កងកម្លាំងដែនអាកាសរបស់ខ្លួន បានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីលើទីតាំងផ្ទុកមីស៊ីល និងបាញ់បង្ហោះ នៅកណ្តាលប្រទេសអ៊ីរ៉ង់ ខណៈដែលខ្លួនបានបន្តការវាយប្រហារដែលខ្លួននិយាយថា មានគោលបំណងរារាំងគូអរិកុំឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ជាការចោទប្រកាន់ដែលទីក្រុងតេអេរ៉ង់តែងតែបានបដិសេធជាប់ជានិច្ច។
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយ នៅថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានប្រាប់ថា៖ «យោងទៅតាមការវាយតម្លៃដែលយើងបានដឹង បានបង្ហាញថា យើងបានពន្យារពេលយ៉ាងហោចណាស់ ២ ឬ ៣ឆ្នាំរួចហើយនូវលទ្ធភាព ដែលពួកគេអាចផលិតគ្រាប់បែកនុយក្លេអ៊ែរ»។
លោក Saar បានបញ្ជាក់បន្ថែមថា ការវាយលុករយៈពេល ១សប្តាហ៍របស់អ៊ីស្រាអែលនឹងបន្តមាន។ លោកបានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Bild ថា៖ «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន នៅទីនោះ ដើម្បីលុបបំបាត់ការគំរាមកំហែងនេះ»៕



