វិធានការនានារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា អាចនឹងបំពានលើកាតព្វកិច្ចសិទ្ធិមនុស្ស ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ប្រទេសនេះជាមួយសហភាពអឺរ៉ុប (EU)។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលបានរាយការណ៍កាលពីថ្ងៃសុក្រ (ទី២០ ខែមិថុនា) ដោយលើកឡើងពីការត្រួតពិនិត្យវាយតម្លៃដោយសម្ងាត់ពីសំណាក់ទីភ្នាក់ងារការទូតរបស់ EU។

ឯកសារផ្ទៃក្នុងបានបង្ហាញថា៖ «មានការចង្អុលបង្ហាញថា អ៊ីស្រាអែលនឹងបំពានលើកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួនក្រោមមាត្រា ២ នៃកិច្ចព្រមព្រៀងសមាគមសហភាពអឺរ៉ុប-អ៊ីស្រាអែល»។ ឯកសារនោះដែលត្រូវបានចងក្រងដោយទីភ្នាក់ងារសកម្មភាពខាងក្រៅអឺរ៉ុប ផ្អែកលើការរកឃើញដែលត្រូវបានផ្ទៀងផ្ទាត់ពីអង្គការសហប្រជាជាតិ (UN) តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងស្ថាប័នអន្តរជាតិដទៃទៀត។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងគ្រប់គ្រងទំនាក់ទំនងសហភាពអឺរ៉ុប-អ៊ីស្រាអេល ចែងថា ទំនាក់ទំនងទ្វេភាគីត្រូវតែផ្អែកលើ «ការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ»។

វិធានការនានារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ក្នុងនោះរួមទាំងការរឹតបន្តឹងលើជំនួយមនុស្សធម៌ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្ត បន្លាស់ទីលំនៅរបស់ជនស៊ីវិល និងការប្រព្រឹត្តិអំពើហិង្សាពីសំណាក់អ្នកតាំងទីលំនៅ អាចបំពានលើកាតព្វកិច្ចទាំងនេះ។
ឯកសារដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Reuters បានរៀបរាប់ថា៖ «ការបន្តរឹតបន្តឹងរបស់អ៊ីស្រាអែល ចំពោះការផ្តល់អាហារ ថ្នាំពេទ្យ សម្ភារវេជ្ជសាស្ត្រ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត ប៉ះពាល់ដល់ប្រជាជនទាំងអស់នៃតំបន់ហ្កាហ្សា ពោលគឺអ្នកដែលមានវត្តមាននៅលើដែនដីរងផលប៉ះពាល់ធ្ងន់ធ្ងរមួយនេះ»៕

