ប្រទេសអង់គ្លេស កាលពីថ្ងៃសុក្រ (ទី២០ ខែមិថុនា) បានដកបុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ង់ ដោយធ្វើតាមប្រទេសអឺរ៉ុបផ្សេងទៀត ក៏ដូចជាអូស្ត្រាលី និងនូវែលសេឡង់ ក្នុងពេលទីក្រុងតេអេរ៉ង់មានជម្លោះជាមួយអ៊ីស្រាអែល។
ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ដោយសារតែស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ន យើងបានចាត់វិធានការប្រុងប្រយ័ត្ន ដើម្បីដកបុគ្គលិកចក្រភពអង់គ្លេសរបស់យើងចេញពីប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន»។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «ស្ថានទូតរបស់យើងបន្តប្រតិបត្តិការពីចម្ងាយ»។
នៅថ្ងៃទី៨ នៃសង្រ្គាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ក្រសួងការបរទេសអង់គ្លេស បានបញ្ជាក់ថា ខ្លួននៅតែបន្តអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹង រវាងភាគីទាំង២។
ប៉ុន្តែសេចក្តីថ្លែងការណ៍បានឲ្យដឹងបន្ថែមថា៖ «យើងចាត់វិធានការការពារបុគ្គលិក និងជនជាតិអង់គ្លេសយ៉ាងយកចិត្តទុកដាក់ ហើយយើងបានចេញសេចក្ដីណែនាំជាយូរមកហើយ ដោយហាមឃាត់ការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសអ៊ីរ៉ង់»។
ទីក្រុងស៊ីដនីបានប្រាប់ថា កាលពីព្រឹកថ្ងៃសុក្រ ប្រទេសអូស្ត្រាលីបានបិទស្ថានទូត នៅទីក្រុងតេអេរ៉ង់របស់ខ្លួន និងបានបញ្ជាឲ្យមន្ត្រីចាកចេញពីប្រទេសនេះ ដោយលើកឡើងពី «ស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ»។ ទាំងអង់គ្លេស និងអូស្ត្រាលីចូលរួមជាមួយបណ្តាប្រទេសជាច្រើនទៀតដែលបិទបេសកកម្មការទូត នៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសកាលពី ១ប្តាហ៍មុន ដោយអះអាងថា គូអរិដ៏ធំរបស់ខ្លួនជិតឈានដល់ការផលិតបានអាវុធនុយក្លេអ៊ែរហើយ៕


