នៅថ្ងៃសៅរ៍ (ទី២១ ខែមិថុនា) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រាប់ថា យោធាបានសម្លាប់មេបញ្ជាការជើងចាស់ម្នាក់ នៅក្នុងក្រុមប្រដាប់អាវុធបរទេសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) អំឡុងការវាយប្រហារលើផ្ទះល្វែងមួយខ្នង ក្នុងទីក្រុង Qom របស់ប្រទេសអ៊ីរ៉ង់។
លោក Katz បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេបញ្ជាការជើងចាស់ លោក Saeed Izadi បានដឹកនាំកងទាហានប៉ាឡេស្ទីននៃកងកម្លាំង Quds។ ពាក់ព័ន្ធនឹងការលើកឡើងនេះ មិនទាន់មានការបញ្ជាក់ពី IRGC នៅឡើយទេ។
គួរបញ្ជាក់ថា កងកម្លាំង Quds បានបង្កើតបណ្តាញសម្ព័ន្ធមិត្តអារ៉ាប់ដែលគេស្គាល់ថា ជាចលនាតស៊ូអាក់ស៊ីស ដែលបង្កើតក្រុមហេសបូឡា នៅប្រទេសលីបង់ ក្នុងឆ្នាំ១៩៨២ និងគាំទ្រក្រុមសកម្មប្រយុទ្ធឥស្លាមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប។
ប៉ុន្តែបណ្តាញគាំទ្រដោយអ៊ីរ៉ង់ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ខណៈដែលការវាយលុករបស់អ៊ីស្រាអែល ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល បានធ្វើឲ្យទាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងក្រុមហេសបូឡាចុះខ្សោយ។
លោក Katz បាននិយាយថា លោក Izadi បានផ្តល់ហិរញ្ញប្បទាន និងអាវុធដល់ក្រុមហាម៉ាស ក្នុងអំឡុងពេលនៃការវាយប្រហារដំបូង ដោយពណ៌នាអំពីការសម្លាប់បានមេបញ្ជាការរូបនេះថា ជា «សមិទ្ធិផលដ៏ធំ សម្រាប់ចារកម្ម និងកងទ័ពអាកាសរបស់អ៊ីស្រាអែល»៕

