វិនិយោគិនកំពុងពិចារណាយ៉ាងប្រុងប្រយ័ត្នលើសេណារីយ៉ូទីផ្សារផ្សេងៗជាច្រើន ប្រសិនបើសហរដ្ឋអាមេរិកកាន់តែចូលទៅពាក់ព័ន្ធខ្លាំងឡើងៗ ក្នុងជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ដោយបង្កជាលទ្ធភាពប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើតម្លៃថាមពលឡើងថ្លៃខ្ពស់កប់ពពក។
អ្នកវិនិយោបានតាមមើលយ៉ាងយកចិត្តទុកដាក់នូវស្ថានការណ៍វិវត្តន៍ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានវាយប្រហារគ្នាទៅវិញទៅមកដោយមីស៊ីល ហើយកំពុងតាមដានយ៉ាងដិតដល់ថា តើសហរដ្ឋអាមេរិកសម្រេចចូលរួមជាមួយអ៊ីស្រាអែល ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកដែរ ឬទេ។
សេណារីយ៉ូដែលអាចកើតមាន អាចនាំឲ្យអតិផរណាឡើងខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងកាត់បន្ថយឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ នាពេលដ៏ខ្លីខាងមុខ។ ហើយនេះទំនងជានឹងបណ្តាលឲ្យមានការលក់ភាគហ៊ុន និងការទិញប្រាក់ដុល្លារ។
បើទោះបីតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក បានហក់ឡើងប្រហែល ១០ភាគរយ កាលពីសប្តាហ៍មុនក៏ដោយ ក៏សន្ទស្សន៍ផ្សារហ៊ុន S&P 500 មិនបានប្រែប្រួលច្រើនឡើយ បន្ទាប់ពីមានការធ្លាក់ចុះ អំឡុងការជួញដូរដំបូង នៅពេលដែលអ៊ីស្រាអែលចាប់ផ្តើមបើកការវាយប្រហាររបស់ខ្លួន។
លោក Art Hogan ប្រធានក្រុមយុទ្ធសាស្រ្តទីផ្សារ នៅក្រុមហ៊ុន B Riley Wealth បាននិយាយថា ប្រសិនបើការវាយប្រហារ មានបំណងចង់បញ្ឈប់ការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់ «នោះហើយជាពេលដែលទីផ្សារនឹងត្រូវយកចិត្តទុកដាក់ និងចាត់វិធានការយ៉ាងប្រុងប្រយ័ត្ន»៕


