មន្ត្រីកងទ័ពជើងទឹក កាលពីថ្ងៃសុក្រ (ទី២០ ខែមិថុនា) បានប្រាប់ឲ្យដឹងថា នាវា USS Gerald R. Ford នឹងចាកចេញទៅកាន់ទ្វីបអឺរ៉ុប នាសប្តាហ៍ក្រោយ ដោយនេះជាការដាក់ពង្រាយនាវាផ្ទុកយន្តហោះអាមេរិកទី៣ ឲ្យកាន់តែកៀកនឹងតំបន់មជ្ឈិមបូព៌ា ខណៈដែលអ៊ីស្រាអែល និងអ៊ីរ៉ង់វាយប្រហារគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ផ្តើមបើកយុទ្ធនាការផ្លូវអាកាសមិនធ្លាប់មានពីមុនមកលើអ៊ីរ៉ង់ កាលពីសប្តាហ៍មុន ហើយប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកកំពុងថ្លឹងថ្លែងថា តើត្រូវចូលរួមជាមួយអ៊ីស្រាអែល ក្នុងការប្រយុទ្ធគ្នានេះដែរ ឬយ៉ាងណា។
មន្ត្រីកងទ័ពជើងទឹក បានប្រាប់ថា៖ «កងនាវាផ្ទុកយន្តហោះ Gerald Ford នឹងចាកចេញពីមូលដ្ឋាន នៅទីក្រុង Norfolk (រដ្ឋ Virginia) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ដែលជាការដាក់ពង្រាយតាមកាលវិភាគទៀងទាត់ទៅកាន់តំបន់ស្ថិតក្រោមការទទួលខុសត្រូវនៅទីបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិក (US European Command)»។
គួរដឹងដែរថា កងនាវាផ្ទុកយន្តហោះ Carl Vinson របស់អាមេរិក បាននិងកំពុងប្រតិបត្តិការ នៅតំបន់មជ្ឈិមបូព៌ា តាំងពីដើមឆ្នាំនេះ ដោយបានចូលរួមក្នុងយុទ្ធនាការផ្លូវអាកាសប្រឆាំងនឹងក្រុមហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសយេម៉ែន។
ហើយមន្ត្រីការពារជាតិអាមេរិកមួយរូប បានបញ្ជាក់ថា ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth បានបញ្ជាឲ្យកងនាវាផ្ទុកយន្តហោះ Nimitz ទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយលើកឡើងថា វាគឺ «ដើម្បីរក្សាទីតាំងការពាររបស់យើង និងការពារបុគ្គលិករបស់សហរដ្ឋអាមេរិក»៕

