ឧត្ដរមានជ័យ៖ អភិបាលខេត្តឧត្ដរមានជ័យ បានជំរុញឱ្យបេក្ខជនទាំងអស់ ប្រើប្រាស់សមត្ថភាពក្នុងការប្រឡងយក សញ្ញាបត្រ ដើម្បីវាស់ស្ទង់ពីកម្រិតចំណេះដឹង ដែលបានសិក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ពេលបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិឡាល័យតេជោ សែន សំរោង នៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ បានក្រើនរំលឹកបេក្ខជន ប្រឡងទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងកូវីដ-១៩។
លោក ប៊ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០/២០២១នេះ ក្នុងខេត្តនេះ មានបេក្ខជនដាក់ ពាក្យប្រឡង ចំនួន១៤៧៩ ចែកចេញជាបីមណ្ឌល ចំនួន៦០បន្ទប់ ១- មណ្ឌលប្រឡងវិឡាល័យតេជោ សែន សំរោង ២- មណ្ឌលប្រឡងវិឡាល័យហ៊ុន សែន ឧត្តរមានជ័យនិង៣- មណ្ឌលសាលាបឋមសិក្សាក៥ ។
លោកបានបញ្ជាក់ថា ដំណើរការប្រឡង ថ្ងៃទី១នេះ ប្រព្រឹត្តទៅល្អ សិស្សគោរពតាមលក្ខខណ្ឌ នៃ ការប្រឡង បើទោះជាសិស្សពីរនាក់ ត្រូវបានពិនិត្យរកឃើញវិជ្ជមានកូវីដ-១៩ក្ដី៕ អត្ថបទ៖ ឃិន សារិទ្ធ