អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅថ្ងៃអាទិត្យ២២មិថុនា ក្រោយការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយហៅសកម្មភាពនេះថាជា "ការកើនឡើងដ៏គ្រោះថ្នាក់" និងការគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាព និងសន្តិសុខពិភពលោក។
លោក Guterres បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើវេទិកាផ្លូវការរបស់លោកថា រូបលោកមានការតក់ស្លុតយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងដោយសហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នៅថ្ងៃនេះ។
នេះគឺជាការកើនឡើងដ៏គ្រោះថ្នាក់នៅក្នុងតំបន់មួយ ដែលកំពុងតានតឹងស្រាប់រួចទៅហើយ និងជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។
លោក Guterres បានព្រមានថា ស្ថានភាពនៅពេលនេះប្រឈមនឹងការរីករាលដាលនៃការគ្រប់គ្រងលែងបាន ជាមួយនឹងផលវិបាកដ៏មហន្តរាយសម្រាប់ជនស៊ីវិល តំបន់ និងពិភពលោក។
លោកបានអំពាវនាវឱ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងរក្សាកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
លោកអគ្គលេខាធិការរូបនេះ បានជំរុញថា នៅម៉ោងដ៏គ្រោះថ្នាក់នេះ វាសំខាន់ណាស់ក្នុងការបញ្ចៀសភាពចលាចល៕